ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាកម្ពុជាបានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា

109

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ រដ្ឋសភាកម្ពុជាបានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នៅខាងមុខវិមានរដ្ឋសភា។

បន្ទាប់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អំ បឺរឡា (OM BIRLA) បន្ទាប់ពីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់សវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួចមក ឯកឧត្តមប្រធានគណៈប្រតិភូ នឹងត្រូវចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលារសៀលថ្ងៃនេះដែរ ឯកឧត្តម អំ បឺរឡា (OM BIRLA) និងដឹកនាំគណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

អត្ថបទដែលជាប់ទាក់ទង