ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ Il-80 ដែលមានរហស្សនាមថា «យន្តហោះសម្រាប់ថ្ងៃចុងក្រោយរបស់ពិភពលោក» គឺជាយន្តហោះបញ្ជាការ ដែលមានតួនាទី ដឹកក្រុមថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសរុស្ស៉ី ក្នុងព្រឹត្តិការណ៍សង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង

246

បរទេស ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងផ្ញើសារព្រមានជាពិសេសចំពោះលោកខាងលិច នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ពេលដែលលោកអបអរគម្រប់ខួបទី៧៧ នៃជ័យជម្នះរបស់រុស្ស៉ីលើពួកណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទីពីរ តាមរយៈការបង្ហាញសព្វាវុធផ្សេងៗ ខណៈដែលកងទ័ពរុស្ស៉ីកំពុងបន្តការវាយលុកលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។

នៅចំពោះមុខការដាក់សម្ពាធមិនធ្លាប់មានពីសំណាក់ក្រុមលោកខាងលិច ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន លោក ពូទីន នឹងថ្លែងសារនៅទីលាន Red Square ក្នុងទីក្រុងមូស្គូ ខណៈព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីកងទ័ព, រថក្រោះ, គ្រាប់រ៉ុក្កែត និងមីស៉ីលផ្លោងអន្តរទ្វីប ជាដើម។

ទន្ទឹមគ្នាកំលុងពេលនោះ នឹងមានការហោះយន្តហោះកាត់ពីលើ ព្រះវិហារ សេន បាស៊ីល (Saint Basil’s Cathedral) ដោយក្នុងនោះ នឹងរួមមានយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-160 ហើយជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១០មក គឺយន្តហោះ Il-80 ផងដែរ។

យន្តហោះ Il-80 ដែលមានរហស្សនាមថា «យន្តហោះសម្រាប់ថ្ងៃចុងក្រោយរបស់ពិភពលោក» គឺជាយន្តហោះបញ្ជាការ ដែលមានតួនាទី ដឹកក្រុមថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសរុស្ស៉ី ក្នុងព្រឹត្តិការណ៍សង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។

គួរបញ្ជាក់ថា ខណៈទិវាជ័យជម្នះរុស្ស៉ី «៩ ឧសភា» ខិតជិតមកដល់ មានការសង្ស័យថា លោក ពូទីន កំពុងត្រៀមសេចក្តីប្រកាសពិសេសមួយ ទាក់ទងស្ថានការណ៍នៅអ៊ុយក្រែន ដែលអាចជាការប្រកាសសង្រ្គាមជាផ្លូវការ ឬក៏ការប្រកាសចល័តទ័ពទ្រង់ទ្រាយធំ។ យ៉ាងណាមិញ វិមានក្រឹមឡាំងបានចេញមុខច្រានការ ការសង្ស័យទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង