ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញ វិស័យចលនទ្រព្យ បានបញ្ជាក់ថា៖ គោលដៅអាទិភាព នៃការវិនិយោគរបស់ចិនសាជាថ្មី នឹងចាប់ផ្ដើមក្នុងឆ្នាំ២០២២នេះហើយ

166

ភ្នំពេញ៖ អ្នកជំនាញថាវិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី បន្ទាប់ពីកម្ពុជាគ្រប់គ្រងបាននូវស្ថានភាពកូវីដ-១៩បានល្អប្រសើរ ហើយបានដំណើរការសង្គមសេដ្ឋកិច្ច ប្រក្រតីឡើងវិញ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានអោយដឹងថា វិនិយោគិនចិន អាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្ដ នានាផ្សេង ទៀត ជាសន្តានុពលមួយចំនួន ហើយតាមការព្យាករណ៍ អាចនឹងមានគម្រោងវិនិយោគច្រើន នៅចុងឆ្នាំនេះ ដោយសារស្ថានភាពកូវីដ១៩នៅប្រទេសចិននៅមានទាន់មានភាពល្អប្រសើរខ្លាំង ។

លោកថា បើមើលពីស្ថានភាពកូវីដ១៩នៅប្រទេសចិនវិញ ទោះបីជាមានស្ថានភាពល្អ ប្រសើរច្រើន តែយ៉ាងណាក៏ដោយ ប្រទេសចិន មិនទាន់ប្រកាសបើកដំណើរការសេដ្ឋកិច្ចឡើងវិញទាំងស្រុងដូចនៅប្រទេសកម្ពុជាយើងនោះទេ ជាហេតុនាំអោយវិនិយោគិនចិនមួយចំនួន នៅរងចាំមើលស្ថានភាពបន្តិចទៀតសិន ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជា នៅតែអាចទាក់ទាញបាននូវការវិនិយោគបន្ថែមពីប្រទេសជាច្រើនដែលជាដៃគូរវិនិយោគស្រាប់របស់ខ្លួន ដោយមិនរំពឹងតែទីផ្សារវិនិយោគពីប្រទេសចិន។

លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា បើយើងក្រឡេកមកមើលពីស្ថានភាពទិញលក់អចលនទ្រព្យនៅក្នុងទីផ្សារក្នុងស្រុកយើងវិញ ស្ថានភាពទិញលក់ បាននឹងកំពុងងើបឡើងវិញជាបណ្ដើរៗហើយ ជាក់ស្តែងដូចជាការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្តដល់ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូរ ឬផ្ទះល្វែងសម្រាប់ស្នាក់នៅគ្រានេះ ជាឱកាសល្អព្រោះតម្លៃក្នុងពេលកូវីដ-១៩ ស្ថិតនៅក្រោមតម្លៃទីផ្សារ។

លោកស្រី Catherine Chan ជាស្ថាបនិក និងជានាយប្រតិបត្តិនៃគម្រោងខុនដូUrban Village &Factory Phnom Penh បានលើកឡើងថា ដោយសារការសម្រេចបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័សពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើអោយស្ថានភាពវិស័យសំណង់ខុនដូក្នុងទីផ្សារកម្ពុជា ហាក់មានសកម្មភាពកម្រើកឡើងវិញ ដែលជាឱកាសល្អសម្រាប់វិនិយោគិនបរទេស និងក្នុងស្រុកអាចសម្លឹងមើលឱកាសវិនិយោគក្នុងឧស្សាហ៍កម្មនេះជាបន្តទៀត។
សូមបញ្ជាក់ដែរថា៖ បើផ្អែកតាមរបាយការណ៍ផ្លូវការ បានបង្ហាញថា ចាប់តាំងពីប្រទេសកម្ពុជាជួបប្រទះនឹងជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២១មក ការវិនិយោគរបស់ចិនលើវិស័យសំណង់ធ្លាក់ចុះ៥០% ដោយសារមិនមានវត្តមាន អ្នកវិនិយោគចិន ចូលមកវិនិយោគលើវិស័យនេះ។ ចំណែក៣០% ក្នុងចំណោម៥០% នៅមានសកម្មភាពសាងសង់ ហើយការសាងសង់នោះក៏នៅទ្រឹង ដោយសារមិនមានសកម្មភាពទិញលក់។ ប៉ុន្តែយ៉ាងណាក៏ដោយ ការវិនិយោគរបស់ចិន នៅតែឈរនៅលេខរៀងទី១ នៃការវិនិយោគសរុបក្នុងប្រទេសកម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង