ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេចគ្មានសិទ្ធិកាត់ដីខ្មែរ សូម្បីមួយមីល្លីម៉ែត្រ ឲ្យទៅប្រទេសណាមួយនោះឡើយ

37

 

ស្វីស៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ បានអះអាងថា សម្ដេចគ្មានសិទ្ធិកាត់ដីខ្មែរ សូម្បីមួយមីល្លីម៉ែត្រឲ្យទៅប្រទេសណាមួយនោះឡើយ។

ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នាទីក្រុងសូរិក ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសម្ដេចប្រុងកាត់ដីឲ្យប្រទេសវៀតណាម ដូចអ្វីដែលជាការចោទប្រកាន់នោះ មិនមែនសម្ដេចខិតខំប្រឹងប្រែងចំណាយពេលចរចាសូម្បីមួយតឹក មួយផឹង មកដល់បច្ចុប្បន្ននេះទេ។

ពាក់ព័ន្ធការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មី រឿងកំណត់ព្រំដែននេះ បច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយ ខណៈភាគីទាំងពីរកំពុងចរចាគ្នាបន្ដទៀត ដើម្បីឲ្យឈានទៅដល់គោលដៅ១០០ភាគរយ នាពេលខាងមុខឆាប់ៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា យើងបានបោះបង្គោលព្រំដែនបាន៨៤ភាគរយ នៅសល់១៦ភាគរយទៀត ប៉ុន្ដែថ្មីៗនេះគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ៦ភាគរយទៀត។ ខ្ញុំអញ្ជើញនាយករដ្ឋមន្ដ្រីវៀតណាមមកទស្សនកិច្ច អាចនឹងចុះហត្ថលេខាលើ៦ភាគរយនេះទៀត បើគង់តែឲ្យដីគេដដែលចាំបាច់ទៅចរចាហត់ធ្វើអី ខ្ញុំគ្មានសិទ្ធិយកដីខ្មែរ សូម្បីមួយមីល្លីម៉ែត្រឲ្យប្រទេសណាទេ»។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកម្ដងទៀតថា កម្ពុជា-វៀតណាម បានឯកភាពគ្នា ស្នើសុំអ្នកជំនាញការបារាំងដើម្បីជួយផ្ទេរផែនទី ពីផែនទីបោន ខ្នាត១លើ១០០០ពាន់ មកផែនទី UTM ខ្នាត១លើ៥០ពាន់ ដើម្បីមានភាពច្បាស់លាស់ងាយស្រួលក្នុងការបោះបង្គោលព្រំដែន។

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា ក្រោយសន្ដិភាព បញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅ២សំខាន់ ទី១៖ ប្រែក្លាយដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍ និងទី២៖ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាមួយព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បច្ចុប្បន្ននេះគោលដៅទី១ បានសម្រេចរហូតទៅដល់៩៥ភាគរយ ដែលប្រែក្លាយពីតំបន់អតីតសមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ខណៈ៥ភាគរយដែលនៅសល់ គឺជាតំបន់ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងលើការងារនេះបន្ដទៀត។

ដោយឡែក តាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង វៀតណាម ថៃ និងឡាវ សម្ដេចបានអះអាងថា កម្ពុជា កំណត់ព្រំដែនជាមួយឡាវ បានប្រមាណ៨៦ភាគរយ, ជាមួយវៀតណាម បាន៨៤ភាគរយ (៦ភាគរយទើបឯកភាព សរុប៩០ភាគរយ) និងជាមួយថៃ ទទួលស្គាល់បង្គោលចាស់ដែលបានរកឃើញ ហើយបានបង្កើតគណៈកម្មការចម្រុះ ដើម្បីបន្ដការងារនេះ។

បើទោះបីមិនទាន់បានចប់សព្វគ្រប់១០០ភាគរយ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា មិនទុកបញ្ហានេះឲ្យនៅជាចំណាត់ខ្មាំង នៃការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជននោះទេ៕

អត្ថបទដែលជាប់ទាក់ទង