ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រមណីយដ្ឋាន ពើងតាពេជ្រ កំពុងចាប់អារម្មណ៏ខ្លាំង ពីភ្ញៀវទេសចរណ៍ ជាតិ និងអន្ដរជាតិ ទៅទស្សនាយ៉ាងច្រើន

157

សៀមរាប៖ រមណីយដ្ឋានពើងតាពេជ្រ ជាទីតាំងទេសចរណ៍ថ្មីមួយ ទើបតែបង្កើតឡើង ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល មានសក្តានុពលជាច្រើន ជាពិសេសធម្មជាតិស្រស់ត្រកាលនៅតាមជើងភ្នំ ខ្យល់ អាកាស
បរិសុទ្ធ ដែលអាចឱ្យភ្ញៀវទេសចរ មកកម្សាន្ត និងអាចគយគន់សម្រស់ធម្មជាតិនៅទីនោះ។

អ្នកយកព័ត៏មាន ភ្នំពេញរីផតធ័រ បានសម្ភាសន៍ផ្ទាល់ជាមួយ លោក ប្រាក់ សិរីវុធ ម្ចាស់រមណីយដ្ឋានពើងតាពេជ្រ បានឱ្យដឹងនៅថ្ងៃទី៣០ ឧសភានេះថា៖ ពើងតាពេជ្រ ជាតំបន់ទេសចរណ៍ថ្មី ដែលទើប តែបង្កើតឡើងក្នុងឆ្នាំ២០២១ ប៉ុណ្ណោះ ដោយសារទីនោះ មានអំណោយផល ល្អពីធម្មជាតិ អមទៅដោយសម្រស់ព្រៃប្រឹក្សានៅតាមជើងភ្នំ ជាទីកន្លែងស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និងបានរៀបចំកែច្នៃបន្ថែមខ្លះទៀតដោយបង្កើតឱ្យមានសួនច្បារ ស្រះទឹក ស្ពាន និងកន្លែងសម្រាប់ថតរូបជាច្រើនទៀត ដែលមានទេសភាពស្រស់ស្អាត។

លោកបន្តទៀតថា៖ ដោយសារទំហំផ្ទៃដីនៅមរណីយដ្ឋាននេះមានទំហំធំ លាតសន្ធឹងប្រមាណជាង១០ហិកតា ដូច្នេះទីនេះក៏មាន ដើមឈើ កម្រៗជាច្រើនប្រភេទ ជាពិសេសរុក្ខជាតិនៅតំបន់ភ្នំ និងផ្លែឈើព្រៃជាច្រើនប្រភេទទៅតាមរដូវកាល។

បន្ថែមពីនេះ រមណីយដ្ឋានពើងតាពេជ្រ ក៏មានសេវាកម្មម្ហូប អាហារប្រចាំតំបន់ កន្លែងសម្រាប់បោះតង់ និងផ្ទះស្នាក់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរមកសម្រាកគយគន់ទេសភាពជើងភ្នំដ៏ស្រស់ស្អាត និងសម្រស់ថ្ងៃរៀបលិច ហើយថែមទាំងផ្តល់សេវាកម្មម្ហូបអាហារក្នុងតម្លៃសមរម្យ។

រមណីយដ្ឋានមួយនេះ មើលទៅមានព្រៃប្រឹក្សា មានភ្នំ ស្រះទឹក ភ្ញៀវអាចផ្តិតយករូបភាពស្អាតៗ នៅក្នុងតំបន់នេះ ហើយមក ស្នាក់នៅ មានផ្ទះ កន្លែងសម្រាប់បោះតង់ ម្ហូបអាហារមានផ្តល់ជូន២៤ម៉ោង និងទឹកភ្លើងអីមានគ្រប់ទាំងអស់ មានកន្លែងថតរូបមានច្រើន ផ្តិតយករូបភាពស្អាត ៗ ធម្ម ជាតិពិតៗ ដែលខ្ញុំរៀបចំបានច្រើនកន្លែង។

សូមជម្រាបថា រមណីយដ្ឋានពើងតាពេជ្រ មានទីតាំងក្នុងភូមិពើងឆ័ត្រ, ឃុំឃុនរាម ,ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប មានចម្ងាយប្រមាណជាង៤០ គីឡូម៉ែត្រពីក្រុងសៀមរាប។ ទីនោះមានទេស ភាពស្រស់ស្អាត ស្ងប់ស្ងាត់ ស័ក្តិសមជាទីកន្លែងសម្រាកលម្ហែ ដែលភ្ញៀវ ទេសចរ អាចជ្រើស រើសមកសម្រាក ជាលក្ខណៈ មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីបំភ្លេចអស់ក្តីកង្វល់នានា ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង