ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេខ្លោងជួញដូរគ្រឿងញៀនម្នាក់និងវត្ថុតាងថ្នាំ​ទម្ងន់​ជាកន្លះគីឡូ ត្រូវបញ្ជូនទៅតុលាការ​

116


កំពង់ស្ពឺ​ ៖​ មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ​ត្រូវ​បានកម្លាំង​មន្ទីរប្រឆាំងគ្រឿងញៀន រួមសហការជាមួយកម្លាំងនគរ​បាលខេត្ដធ្វើ​ការបង្រ្កាបបាន ​រួមជាមួយវត្ថុតាងថ្នាំ​ទម្ងន់​ ៥១១,៩ក្រាម ហើយនៅថ្ងៃទី២០ខែកញ្ញានេះ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់​។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ​បាន​ចុះសហការធ្វើការស្រាវជ្រាវ និង​បង្រ្កាបមុខសញ្ញា ជាមេ​ខ្លោងជួញដូរ​នូវសារធាតុញៀនខុសច្បាប់​ នៅចំណុច​ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង កាលពី​វេលាម៉ោង ១៦​ និង​ ៣០នាទី នាថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨ តាមការបញ្ជាក់​ពីនគរបាល​ នៃ​មន្ទីរប្រឆាំងគ្រឿងញៀន​ ដែលចុះដឹក​នាំកិច្ចប្រតិបត្ដិការ​ផ្ទាល់​បាន​ឲ្យដឹង​ថា មុខសញ្ញា​សង្ស័យ ​ជាអ្នកជួញដូរដោយខុសច្បាប់ នូវសារធាតុ​ញៀនខាងលើនេះ មានឈ្មោះ ឡោ សុខហួរ ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ​ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ​ មានមុខរបរ​ មិនពិតប្រាកដ​​ ​ជាមុខ​សញ្ញាជួញដូរថ្នាំ​ញៀនដ៏សកម្ម ដែលធ្វើសកម្ម​ភាព​ចល័ត ​ពីតំបន់មួយទៅចែកចាយបន្ដ​ទៀត។ ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ រក​ឃើញ​និង​ដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក ១​ កញ្ចប់ធំ ទម្ងន់ ៥១១,៩​ ក្រាម ក្នុង​នោះ​ មានជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន​ ១ ម៉ូតូ ១ គ្រឿង​ ទូរស័ព្ទដៃ ១ គ្រឿង​ រួមជាមួយ​នឹងឧបករណ៍ ប្រើប្រាស់គ្រឿង​ញៀន មួយចំនួនផ្សេងទៀត។
បច្ចុប្បន្ន​ជនសង្ស័យ ​រួមជាមួយ​វត្ថុតាង ​បានប្រគល់ជូនជំនាញ ប្រឆាំងគ្រឿង​ញៀនខេត្ដ​ កសាង​សំណុំ​រឿង​ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង