ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាមួយនិងឱកាសការងារបន្ថែមប្រមាណ ៧០០កន្លែង រោងចក្រកាត់ដេរសម្លៀកបំពាក់ តម្លៃជាង ៣លានដុល្លារក្នុងខេត្តកំពង់ស្ពឺ ត្រូវបានអនុម័តដោយCDC

133

ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជាង ៣លានដុល្លារអាមេរិក ក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគ ជាមួយនឹងឱកាសការងារបន្ថែមប្រមាណ៧០០កន្លែង។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង។ នេះគឺជាគម្រោងថ្មីបន្ថែម បន្ទាប់ពីពេលថ្មីៗកន្លងទៅនេះ CDC បានសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន ៤៧ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ២ពាន់ ៥រយលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ ២០២២នេះ។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្ដាសោភា បានលើកឡើងថា កម្ពុជាគឺជាប្រទេស ដែលមានកាលានុវត្តភាពច្រើនសម្រាប់ការវិនិយោគ ខណៈ កម្ពុជាក៏ទើបបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មីដែលមានភាពទាក់ទាញ និងអំណោយសម្រាប់ការចូលមកបណ្តាក់ទុន។ បន្ថែមពីលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បាន និងកំពុងបង្កើតនូវបទប្បញ្ញត្តិ និងច្បាប់មួយចំនួន មានដូចជា ច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីម្ហូបអាហារ ព្រមទាំងបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មជាដើម ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការវិនិយោគបន្ថែមនៅកម្ពុជាផងដែរ។

បើយោងតាមរបាយការណ៍ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២នេះ បានបង្ហាញថា ទឹកប្រាក់វិនិយោគជាង ៦០លានដុល្លារ បានហូរចូលទៅក្នុងវិស័យកសិកម្ម កើនឡើង ១០៨% វិស័យថាមពល សម្រេចបាន ៣៨៩លានដុល្លារ កើនឡើង ៦០៧% វិស័យឧស្សាហកម្មមានជាង ២០០លានដុល្លារ ធ្លាក់ចុះ ៦៥% ខណៈ ការវិនិយោគក្នុងវិស័យទេសចរណ៍ឈានដល់ ១២៩លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា៖ គម្រោងវិនិយោគដែលត្រូវបានអនុម័តដោយCDCកាលពីពេលកន្លងមកមានដូចជា,មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ,វារីអគ្គិសនី, រោងចក្រផលិតសំបកកង់យានយន្ត, សណ្ឋាគារ ,រោងចក្រស៊ីម៉ង់ត៍ ,កសិដ្ឋានដាំដំណាំចេក និងផ្លែឈើផ្សេងទៀត រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល ដែលកំពុងរៀបចំ វិវត្ដដំឡើងបណ្ដើរៗហើយនៅកម្ពុជា ៕.
សំរិត

អត្ថបទដែលជាប់ទាក់ទង