ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដ CamDigiKey ជំនាន់ ២.០ និង ពិធីចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់ អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)” រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា

94

ភ្នំពេញ៖ នារសៀលថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២, នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ ឯកឧត្ដមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ភោធដាក់ ដំណើរការជាផ្លូវការនូវកម្មវិធី CamDigiKey ជំនាន់ ២.០ និង ពិធីចុះអនុស្សរណៈយោគយល់ ស្ដីពី “កិច្ចសហ ប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)” រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ និង ធនាគារជាតិនៃកម្ពុជា តំណាងដោយ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទសាភិបាល និង ជា អគ្គនាយកបច្ចកទេស។

កម្មវិធីទូរស័ព្ទដៃ CamDigiKey ជាយន្តការមួយរបស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដែលមានឈ្មោះពេញថាថ្នាល Cambodia Digital Key ឬ ហៅកាត់ថា CamDigiKey។ ជាមួយគណនី CamDigiKey តែមួយ, អ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈឌីជីថលបានយ៉ាងងាយស្រួល តាមរយៈការស្កែន QR Code នៅលើកម្មវិធីទូរស័ព្ទដៃ។ គណនី CamDigiKey នីមួយៗមានការផ្ទៀងផ្ទាត់ជាមួយទិន្នន័យអត្តសញ្ញាណកម្មរបស់ ក្រសួងមហាផ្ទៃ ដែលក្នុងន័យនេះ គណនី CamDigiKey មានទិន្នន័យអត្តសញ្ញាណបុគ្គលដែលអាចជឿទុកចិត្តបាន ហើយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយទិន្នន័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូស រំលេចលក្ខណៈពិសេស ៤ ថ្មីរបស់កម្មវិធី CamDigiKey ជំនាន់ ២.០ ដែលមានដូចជា៖ (១). Liveness Detection បច្ចេកវិទ្យាផ្ទៀងផ្ទាត់ និង វិភាគមុខមនុស្ស ដោយផ្អែកលើការថតយកការធ្វើចលនាមុខរបស់អ្នកប្រើប្រាស់, (២). Machine Readable Zone ប្រើប្រាស់បច្ចេកវិទ្យា Optical Character Recognition (OCR) សម្រាប់ធ្វើការបម្លែង ព័ត៌មានដែលមានទម្រង់ជារូបភាព ទៅជាទម្រង់ឌីជីថលតាមរយៈ Machine Readable Zone, (៣). Deep Link ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ក្នុងកម្មវិធីទូរស័ព្ទផ្សេង ដោយមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះ

ឡើងវិញ ក្នុងករណីកម្មវិធីទូរស័ព្ទនោះ ត្រូវបានធ្វើសមាហរណកម្មជាមួយកម្មវិធី CamDigiKey, និង (៤)OAuth 2.0 អ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណតែម្ដងគត់ នឹងអាចចូលទៅប្រើប្រាស់គេហទំព័រដទៃទៀតបាន ដោយមិន ចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណឡើងវិញ ឬសែនកូដ QR ម្ដងទៀតឡើយ។ សព្វថ្ងៃ កម្មវិធីទូរស័ព្ទដៃ CamDigiKey បាន និង កំពុងប្រើប្រាស់សម្រាប់ការចូលទៅកាន់សេវាសាធារណៈមួយចំនួនរួចទៅហើយ រួមទាំងផតថលទាំង ៥ នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានផងដែរ។

ស្របពេលនៃការដាក់ដំណើរការនូវកម្មវិធីជំនាន់ថ្មីនេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធ សម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)” ដើម្បីបង្កើនការយល់ដឹង និង លើកកម្ពស់ការប្រើប្រាស់បច្ចេក វិទ្យា និង នវានុវត្តន៍ថ្មីៗ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធ e-KYC ក្នុងវិស័យហិរញ្ញវត្ថុ និង ធនាគារ។ គួរបញ្ជាក់ ផងដែរថា, ថ្នាល CamDigiKey ក៏មាន Open APIs ចំនួន ១០ ដូចជា មុខ, ឈ្មោះ, ភេទ, ថ្ងៃខែឆ្នាំកំណើត ។ល។ សម្រាប់អនុញ្ញាតឱ្យវិស័យសាធារណៈ និង វិស័យឯកជន អាចតភ្ជាប់មកកាន់ផងដែរ។ ការបើកទូលាយឱ្យមានការ តភ្ជាប់ក្នុងទម្រង់នេះ នឹងបើកទំព័រថ្មីសម្រាប់ការបោះជំហានរបស់កម្ពុជា ក្នុងក្របខណ្ឌ e-KYC តាមរយៈការជួយ សម្រួលដល់ការកាត់បន្ថយពេលវេលាត្រួតពិនិត្យអត្តសញ្ញាណអតិថិជន និង វត្តមានយន្តការផ្ទៀងផ្ទាត់ជាមួយទិន្នន័យ រាជរដ្ឋាភិបាល។ តាមរយៈការចុះអនុស្សរណៈខាងលើ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី និង លោកជំទាវបណ្ឌិត ជា សិរី បានលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមប្រើប្រាស់ថ្នាល CamDigiKey និង ផ្តល់មតិត្រលប់ ក្នុងន័យកែលម្អថ្នាលនេះឱ្យកាន់តែប្រសើរ។

ថ្នាល CamDigiKey ជាឧបករណ៍គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង ជាផ្លែផ្កាដែលកើតចេញពីក្រប ខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីជាគន្លឹះជំរុញការអនុវត្តឌីជីថល តាមរយៈការផ្ដល់ភាពងាយស្រួល និង ការបង្កើនទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល ។ ថ្នាលនេះមិនត្រឹមតែ អាចកំណត់អត្តសញ្ញាណអតិថិជនតាមរយៈអនឡាញ (e-Verification) បានយ៉ាងងាយស្រួលចំពោះអ្នកផ្តល់សេវា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួល និង សុវត្ថិភាពសម្រាប់អ្នកទទួលសេវា រាល់ពេលធ្វើប្រតិបត្តិការ អនឡាញ។ សូមដំឡើងកម្មវិធី CamDigiKey សម្រាប់អ្នកប្រើប្រាស់ថ្មី ឬធ្វើបច្ចុប្បន្នភាពកម្មវិធី សម្រាប់អ្នកដែលមាន កម្មវិធីនេះហើយនៅក្នុងទូរស័ព្ទ ដើម្បីទទួលបានបទពិសោធថ្មី និង កាន់តែប្រសើរជាងមុន។

អត្ថបទដែលជាប់ទាក់ទង