ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសពីរនាក់រងរបួសធ្ងន់ធ្ងរ ដោយសារសត្វខ្លាឃ្មុំទះ និងចាប់ហែកសាច់ នៅតាមដងផ្លូវទៅចាប់ត្រី

32

ពោធិសាត់៖ សមត្ថកិច្ចខេត្តពោធិសាត់បានឲ្យដឹងថា ៖ បុរសពីរនាក់ រងរបួសយ៉ាងធ្ង.ន់ធ្ងរ បន្ទាប់ពីត្រូវសត្វខ្លាឃ្មុំមួយក្បាល ទះ និងចាប់ហែក យ៉ាងឃោរឃៅ ហេតុការណ៍នេះកើតឡើងនៅ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា តាមការរៀបរាប់របស់ជនរងគ្រោះទាំងពីរ មុនពេលកើតហេតុ ពួកគាត់បានដើរទៅដួសត្រី ដើម្បីយកមកចិញ្ចឹមជីវិត តែទើបដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបជាមួយសត្វខ្លាឃ្មុំមួយក្បាល ហើយក៏ត្រូវសត្វខ្លាឃ្មុំនោះ ដេញទះ និងចាប់ហែកសាច់ បណ្តាលរងរបួសយ៉ាងធ្ង.ន់ធ្ងរ ។
លោកអធិការបានបន្តថា ជនរងគ្រោះទី១មានឈ្មោះ ងុយ ងឿន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជាប្រជាការពារភូមិ រងរបួសធ្ងន់ ទី២មានឈ្មោះ ភី ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅចំណុច ឧបសម្ព័ន្ធស្ទឹងតា ចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូន ទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យឯកជន ឃុំអូរសោម ។
លោកវរសេនីយ៍ឯកអធិការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឬនេសាទ និងលេងកំសាន្ត នៅតំបន់នេះ ក៏ដូចជាតំបន់ផ្សេងៗទៀត ដែលឧស្សាហ៍មានសត្វព្រៃកាចសាហាវឆ្លងកាត់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរទៅតំបន់ទាំងនោះ ដែលនាំឲ្យងាយរងទទួលគ្រោះថ្នាក់ដោយសារសត្វព្រៃវាយប្រហារ ជាពិសេសមិនត្រូវមានការលួចបរបាញ់សត្វព្រៃទាំងនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង