ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងរាជធានីថា៖JICAតែងតែផ្តល់ការគាំទ្រ ជាពិសេសតាមរយៈគម្រោង ធ្វើឱ្យប្រសើរឡើងនូវ សេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញ

114

 

ភ្នំពេញ៖យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានចូលរួមជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី៦ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើង នូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញ (ហៅកាត់ថា គម្រោង PiBO) ជាមួយលោក អ៊ូ ធនសាល តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, លោក Keisuke Tanaka នាយករង JICA Headquarter ប្រចាំប្រទេសជប៉ុន, អ្នកស្រី Miyahara Ai តំណាងជាន់ខ្ពស់ JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា, អ្នកស្រី Iwai Mariko ទីប្រឹក្សាបង្កើតគម្រោង JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក កូវ មុន្នីរតន៍ តំណាង ADB Cambodia, លោក Kiminari Takahasi ប្រធានទីប្រឹក្សាគម្រោង PiBO និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនោះលោលកើត ឆែ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែផ្តល់ការគាំទ្រ ជាពិសេសតាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញ (PiBO) បានផ្តល់ជំនួយឥតសំណងរថយន្តក្រុងចំនួន ៨០គ្រឿង និងជំនួយបច្ចេកទេសយ៉ាងច្រើនអស់រយៈពេល ០៥ ឆ្នាំគិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

សមិទ្ធផលដែលទទួលបានពី “មិត្តជប៉ុន” នឹងចូលរួមចំណែកក្នុងវិស័យដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ជួយសម្រួលដល់ការធ្វើដំណើរ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបន្តអភិវឌ្ឍសេវារថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង