ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈប្រតិភូអាយប៉ា​ ជួបពិភាក្សាការងារជាមួយអនុប្រធានសភាឥណ្ឌា​ និងស្ថាប័នពាក់ព័ន្ធនានា នៅក្នុងប្រទេសឥណ្ឌា

117

ឥណ្ឌា ៖ ក្នុងឱកាសបំពេញបេសកកម្មនៅ សាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣​ បានជួបពិភាក្សាជាមួយអនុប្រធានសភាឥណ្ឌា​ និងស្ថាប័នពាក់ព័ន្ធនានា នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសារសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឥណ្ឌា-អាស៊ាន ដែលឆ្នាំនេះជាខួប៣០ឆ្នាំនៃមិត្តភាពអាស៊ាន-ឥណ្ឌា។ គណៈប្រតិភូអាយប៉ា បានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការទាំងឡាយរបស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន និង រដ្ឋាភិបាលឥណ្ឌា ក្នុងការនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន និងឥណ្ឌា ។

ក្នុងជំនួបទ្វេភាគីជាមួយអនុប្រធានសភានៃសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអាយប៉ា​ បានកោតសរសើរចំពោះភាពសកម្មរបស់សភាឥណ្ឌា ដែលជាសភាសង្កេតការណ៍ដ៏ចំណាស់ របស់អាយប៉ា ក្នុងការរួមចំណែកធ្វើឱ្យអាយប៉ា ក្លាយជាស្ថាប័នអន្តរសភាតំបន់ប្រកបដោយសមាហរណកម្មយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ សមភាគីសភាអាយប៉ា និងឥណ្ឌា បានវាយតម្លៃខ្ពស់ពីសារសំខាន់នៃការងារការទូតសភា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាងសុខដុមនីយកម្ម អាស៊ាន- ឥណ្ឌា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានគោរពអញ្ជើញសមភាគីសភាឥណ្ឌា មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃ ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

បន្តមកគណៈប្រតិភូ បានជួបជាមួយវិទ្យាស្ថានប្រជាធិបតេយ្យសភាឥណ្ឌា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់វិទ្យាស្ថាន ក្នុងការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់និសិ្សតអាស៊ាន តាមរយៈការផ្តល់អាហារូបកណ៍មកសិក្សានៅទីនេះ។ គណៈប្រតិភូអាយប៉ា បានថ្លែងអរគុណចំពោះកម្មវិធីហ្វឹកហ្វឺនដល់មន្រ្តី និងសមាជិកសភា ក្នុងការកសាងសមត្ថភាពខ្ពស់ក្នុងការងារនីតិកម្ម ។

ចំណែកភាគី វិទ្យាស្ថានបានជម្រាបជូនគណៈប្រតិភូអាយប៉ា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋទូតឥណ្ឌាប្រចាំហ្សាកាតា ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីហ្វឹកហ្វឺនធនធានមនុស្ស មន្រ្តី និងសមាជិកសភា ជាពិសេស ការកសាងសមត្ថភាពមន្រ្តីសភា ដើម្បីសេវាជូនសមាជិកសមាជិកាសភាកាន់តែមានប្រសិទ្ធភាព ។

សូមជម្រាបថា​ នៅក្នុងព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ គណៈប្រតិភូអាយប៉ា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញទៅដាក់កូរ៉ោនផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ លោក មហាត្មៈគន្ធី (Mahatma Gandhi) ដែលជាវីរៈបុរសស និងជាអ្នកនាំមកនូវឯករាជ្យជូនប្រជាជនឥណ្ឌាដោយអហិង្សាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង