ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោនាំអំណោយ ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ

121

ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិតិ្តយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិបាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ក្នុងសង្កាត់ជើងឯក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នេះ។

មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម ទឹកត្រី១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់១០មុខផ្សេងទៀត រួមនឹងថវិកា ៣ម៉ឺនរៀល។ ក្នុងនោះ ព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់បានឧបត្ថម្ភបន្ថែម នូវគ្រឿងឧបភោគបរិភោគ ក្នុង០១គ្រួសារ ០១កញ្ចប់ផងដែរ។
ក្នុងឱកាសនោះលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានអំពាវនាវឲ្យបងប្អូនទាំងអស់ ពិសេសលោកតាលោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅមានសុខភាពមើលការអភិវឌ្ឍន៍រីកចម្រើន របស់ជាតិយើងបន្តទៀត និងសូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំដែលល្អ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង