ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទមហោស្រពល្ខោនបាសាក់ ទូទាំងប្រទេស ឆ្នាំ២០២២

57

ភ្នំពេញ៖ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ត្រូវបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ តំណាងដ៏ខ្អង់ខ្អស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។ មានល្ខោនបាសាក់ ១០ក្រុម បានដាក់ពាក្យប្រកួតប្រជែង និងមាន ៥ក្រុម ត្រូវបានជ្រើសរើសឲ្យប្រកួតផ្តាច់ព្រ័ត្រ។

រង្វាន់ជ័យលាភី សម្រាប់ ៥ក្រុមចុងក្រោយនេះ រួមមាន៖

* ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់១០លានរៀលនិងថវិកាសប្បុរជនបន្ថែមចំនួន ៣លានរៀល បានទៅលើក្រុមឈ្មោះ ក្រុមរស្មីវប្បធម៌ខេត្តកែប មកពីខេត្តកែប
* ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ ៧លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន២លានរៀល បានទៅលើក្រុមឈ្មោះ នាយប៉េងប៉ោះ មកពីខេត្តកំពង់ចាម
* ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ចំនួន៤លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល បានទៅលើក្រុមឈ្មោះ អុល សំអាង វង់ទី១ មកពីរាជធានីភ្នំពេញ
* ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ក្នុង១ក្រុមទឹកប្រាក់ចំនួន៣លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល។

ក្នុងឱកាសនោះ លោកជំទាវ ម៉ិញ កុសនី បានសម្តែងនូវការអបអរសាទរដ៏ស្មោះចំពោះ សិល្បករ សិល្បការិនី ល្ខោនបាសាក់ ទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ នាថ្ងៃនេះ។ ជាពិសេស លោកជំទាវ បានលើកទឹកចិត្តដល់លោក លោកស្រី ជាសិល្បករ សិល្បការិនី ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀតដើម្បីរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព។

លោកជំទាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា មហោស្រពល្ខោនបាសាក់មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ និងចំណេះដឹងផងដែរ។ ដូចនេះ គោលដៅសំខាន់នៃការរៀបចំ មហោស្រពល្ខោនបាសាក់ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំតម្លើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យសិល្បៈទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ»។

អត្ថបទដែលជាប់ទាក់ទង