ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ មេត្ដាយោគយល់ និងអនុគ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

79

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ សូមមេត្ដាយោគយល់ និងអនុគ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ តាមរយៈការពន្យារពេល ឬបន្ធូរបន្ថយការប្រាក់។

ការអំពាវនាវបែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះការលំបាក និងឧបសគ្គជាច្រើន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ផ្ដល់នូវការអនុគ្រោះ សម្រាប់អ្នកដែលទទួលផលប៉ះពាល់ ពីគ្រោះទឹកជំនន់ តាមរយៈនៃការពន្យារពេលសម្រាប់ការសង, បន្ធូរបន្ថយការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងគ្រាដែលលំបាកនេះ សូមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មេត្ដាយោគយល់ចំពោះការលំបាក របស់ប្រជាពលរដ្ឋដែលលិចលង់ហើយ ទៅរឹបអូសផ្ទះសម្បែងដីធ្លីរបស់គាត់ តាមកិច្ចសន្យាដើមទៀត គឺវាអត់ត្រូវនោះទេ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រាប់ឲ្យធនាគារជាតិនៃកម្ពុជា ធ្វើការប្រជុំមួយ ជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវផ្ទាល់ ទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ចូលរួមសម្រាលបន្ទុក ដោយផ្ដល់ការអនុគ្រោះ ដល់អ្នកខ្ចីឥណទាន ដែលរងផ្ដល់ប៉ះពាល់ តាមរយៈការពន្យារពេលសង បន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ ក្នុងនោះមានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង​ប្រមាណជិត២គ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ ​និងអ្នកទីទ័លផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង