ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំគ្នាជិះទូកស្ទូចត្រី ហើយផឹកស៊ី លិចទូកស្លាប់មួយនាក់ ជួយសង្រោះបានពីរនាក់

180

កំពង់ធំ៖ ហេតុការណ៍នេះបានកើតឡើង នៅក្នុងស្ទឹងសែនត្រង់ចំណុចខាងកើតគល់ស្ពានកំពង់ធំចាស់ ស្ពានមិត្តភាពអូស្រ្តាលីចំ ងាយប្រហែល៥០ម៉ែត ស្ថិតនៅប៉ែកខាងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាកសពត្រូវបានរកឃើញនៅវេលាម៉ោងជិត៧យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺផុសនៅក្បែរកន្លែងកើតហេតុតែម្តង ដែលបង្កឲ្យមានការសង្ស័យថាដូចជាមានគេចាប់ទុកអញ្ចឹង។

លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនប្រាប់ថា!សពជនរងគ្រោះឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិ ស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន បើតាមព័ត៍មានដែលទទួលបាន កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆកា ក្រុមជនរងគ្រោះចំនួនបីនាក់បាននាំគ្នាមកស្ទូចត្រី និងផឹកសុីនៅលេីទូកស្មាច់មួយគ្រឿង ហើយក៏បណ្តាលអោយលិចទូកចូលទៅក្នុងទឹកស្ទឹងសែន និងបាត់ខ្លួនជនរងគ្រោះខាងលើម្នាក់ ចំណែកមនុស្សពីរនាក់ទៀតត្រូវបានជួយសង្រោះទាន់ពេលវេលា អ្នកដែលបានជួយសង្រោះទាំងពីរនោះមានឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន និងឈ្មោះ ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ក្រុមហ៊ុនត្រាក់ទ័រចនឌៀមានទីតាំងជិតរូបសំណាកអ្នកតាក្រហមកនៅរង្វង់មូលបល្ល័ង្ក មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ក្រោយពីរកសាកសពឃើញសមត្ថកិច្ចក៏ប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងយប់។

ពាក់ព័ន្ធករណីលិចទូខាងលើក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួននាំគ្នានិយាយបែបអប្បិយជំនឿយ៉ាងដូច្នេះថា!វាមិនសមហេតុសមផលសោះហាក់ដូចជាមានវត្ថុស័ក្កសិទ្ធអ្វីមួយមកចាប់សាកសពជនរងគ្រោះទុកអញ្ចឹង។ ក្រោយពីការលិចទូកហើយមនុស្សពីរនាក់ត្រូវបានគេជួយសង្រោះ ខុសប្លែកអីតែជនរងគ្រោះម្នាក់ខាងលើ នៅពេលដែលលិចទូកលង់ទឹកជនរងគ្រោះត្រូវបានសាច់ញាតិនិងសមត្ថកិច្ចជាច្រើននាក់នាំស្វែងរកអ្នកខ្លះបង់សំណាញ់ អ្នកខ្លះអូសអួន អ្នកខ្លះមុជទឹករាវរកនៅតែរកមិនឃើញ រហូតជួលជនជាតិចាមមកជួយមុជរកទៀត ព្រមទាំងរកគ្រូទស្សទាយនឹងបែរបន់ថែមទៀតទើបសពអណ្តែតឡើងនៅក្បែរកន្លែងដដែល ហេតុអីក៏អ្នកមុជទឹកជាច្រើននាក់គ្មានអ្នកណាម្នាក់មុជរាវប៉ះចំយ៉ាងដូច្នេះ។ បើតាមអប្បិយជំនឿប្រហែលជាមានជើងកបហើយមើលទៅចំណែកពលរដ្ឋខ្លះនិយាយថា!កាលពីមុននៅត្រង់ចំណុចដើមពោធិ មាត់ស្ទឹងខាងកើតស្ពានកំពង់ធំមានខ្ទមអ្នកតាមួយកន្លែងមានបារមីខ្លាំងពូកែដែរ ហើយកាលពីប៉ុន្មានខែមុនក្នុងឆ្នាំ២០២២នេះ ក៏មានករណីក្មេងសិស្សសាលាបឋមសិក្សាកំពង់ធំក្រុងបានលង់ទឹកស្ទឹងសែនស្លាប់ម្នាក់ផងដែរនៅចំណុចខាងកើតស្ពានកំពង់ធំនេះ។

លោកអធិការសូមជំរាបថា ដំណឹងនេះក៏ជាការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ បើមានបំណងចង់ចុះឬក៏មុជទឹកស្ទឹកលេងនោះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីសេចក្តីសុខ និងសុវត្ថិភាពរបស់បងប្អូន៕

អត្ថបទដែលជាប់ទាក់ទង