ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ៖សហរដ្ឋអាមេរិក ជាប្រភពដ៏ធំបំផុតនៃការវិ និយោគផ្ទាល់ពីបរទេសFDI ក្នុងតំបន់អាស៊ាន

63

 

ភ្នំពេញ៖ អាស៊ានគឺជាទីផ្សារធំជាងគេទី៤ របស់ពិភពលោក ដែលមានសហរដ្ឋ អាមេរិក ជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤០ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ កាលពីចុងសប្តាហ៍កន្លងទៅ នៅសណ្ឋាគារសុខាភ្នំពេញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មយុទ្ធសាស្រ្តមួយ ដែលទទួលបានផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នានឹងគ្នាយ៉ាងទូលំទូលាយ ដោយអាស៊ានគឺជាទីផ្សារធំជាងគេទី៤ របស់ពិភពលោក ដែលមានសហរដ្ឋអាមេរិក ជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។
លើសពីនេះ មានក្រុមហ៊ុនអាមេរិកជាង ៦,២០០ ប្រតិបត្តិការ ក្នុងអាស៊ាន ហើយនៅឆ្នាំ២០២០ និងមានអ្នកដំណើរអាមេរិកប្រមាណ ៦៣ម៉ឺននាក់ បានចំណាយប្រាក់ចាយវាយច្រើនជាង ១.៣ពាន់លានដុល្លារ នៅអាស៉ីអាគ្នេយ៍។

គិតត្រឹមឆ្នាំ២០២២ ទំនាក់ទំនងអាស៊ាន និងអាមេរិក មានរយៈពេល ៤៥ឆ្នាំមកហើយ, តាមរយៈគេហទំព័ររបស់រដ្ឋាភិបាលអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ ពាន់លានដុល្លារ ដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៉ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកឡើងនៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ថា សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ ជាមួយ នឹងការសម្រេចបាននូវកំណើនផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១ភាគរយ ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹង ទុកនូវកំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយ ក្នុងឆ្នាំ២០២២ និង ២០២៣ រៀងគ្នា»។

សូមបញ្ជាក់ថា អាស៊ានគឺជាទីផ្សារធំទី៣ក្នុងតំបន់អាស៊ី និងជាទីផ្សារធំទី៤របស់ពិភពលោក។ រំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ាន បានងើបឡើងវិញគួរឱ្យកត់សម្គាល់ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧០ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២១ ដែលចំនួននេះ ស្មើនឹងរំហូរទុនវិនិយោគសរុបនៅឆ្នាំ២០១៩ មុនពេលតំបន់អាស៊ានទាំងមូលទទួលរងនូវផលប៉ះពាល់ពីជម្ងឺជំងឺកូវីដ-១៩៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង