ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ពិជ័យ​សេនា​ទៀ​ បាញ់​ បានអនុញ្ញាតជូនឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

133

 

ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សា ឯកឧត្តម W.Patrick Murphy បានសម្តែងការកោតសរសើរចំពោះកម្ពុជាទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្ដេច​ពិជ័យ​សេនា​ទៀ​ បាញ់​ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក មានទំនាក់ទំនងជិតស្និទ្ធប្រកបដោយផ្លែផ្កា នាំមកនូវឧត្តមប្រយោជន៍ជូនប្រជាជន និងកងទ័ពប្រទេសទាំងពីរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ប៉ាទ្រីក មូភី ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការពារជាតិ នាទីក្រុងភ្នំពេញ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ក្រោយពីកម្ពុជា បានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ លើកទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីម្សិលមិញមកនោះ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ជំនួសមុខឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានថ្លែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអញ្ជើញប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣ នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ដែលនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះអាស៊ាន ។

ឯកឧត្តម ប៉ាទ្រីក មូភី ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិប្រចាំនៅកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្ដល់ពេលវេលាមុនគេ អនុញ្ញាតឲ្យឯកឧត្តម បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ ឯកឧត្តម ជំនួសមុខឱ្យរាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិសេសលោកប្រធានាធិបតី Joe Biden ឯកឧត្តម សូមសម្តែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្តជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២នេះ ។

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣ នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថ្មីៗនេះ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ។ ឯកឧត្តម ប៉ាទ្រីក មូភី បញ្ជាក់ថា ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០លើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងមេដឹកនាំនានារបស់អាស៊ាន ពិសេសមេដឹកនាំសំខាន់ៗពិភពលោកដែលចូលរួម ។ ភាពជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ គឺជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិកម្ពុជា ដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ។

តាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ប៉ាទ្រីក មូភី បានបញ្ជាក់ច្បាស់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ ២០២២ ដែលបានផ្ញើសារយ៉ាងច្បាស់ ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែនោះ។

ឯកឧត្តម ប៉ាទ្រីក មូភី បានជម្រាបជូនសម្ដេចពិជ័យសេនា ថា សហរដ្ឋអាមេរិក បានចាត់ទុកសហគមន៍អាស៊ាន ថាពិតជាមានសារសំខាន់ណាស់ សម្រាប់សហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតែម្ដង ។ ហើយសហរដ្ឋអាមេរិកគាំទ្រចំពោះមជ្ឈភាពអាស៊ាន ។ ឯកឧត្តម ឯករដ្ឋទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា ពេលនេះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ បានបញ្ចប់ហើយ ឥឡូវនេះនៅតែកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការ ប៉ុណ្ណោះ ដែលនឹងត្រូវដំណើរការបន្តទៀត នៅក្នុងអំឡុងខែធ្នូខាងមុខនេះ ។

ឯកឧត្តម បញ្ជាក់បន្ថែមថា អាមេរិកពេញចិត្តចំពោះការចូលរួមក្នុងវេទិកា នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកម្ពុជា សម្រាប់បង្ហាញអំពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន ក៏ដូចជាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ឯកឧត្តម អគ្គរដ្ឋទូត ជម្រាបជូនសម្ដេចពិជ័យសេនាទៀតថា នេះគឺជាឱកាសមួយសម្រាប់ការចូលរួម ក្នុងកិច្ចប្រជុំកំពូល ដើម្បីបានពិភាក្សាអំពីបញ្ហាសកលលោកផងដែរ។ ជាពិសេសបង្ហាញអំពីភាពជាដៃគូរ ហើយសមិទ្ធផលមួយ ដែលកើតចេញពីកិច្ចប្រជុំនេះ វាគឺជាការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ជាមួយអាស៊ាន ឲ្យក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយហើយនេះ ក៏បង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលជាសំណូមពររយៈពេល ៤៥ឆ្នាំ និងពេល
វេលាច្រើនតទៅពេលខាងមុខទៀត ហើយនិងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ផងដែរ។

ឯកឧត្តម អគ្គរដ្ឋទូត បានបញ្ជាក់ថា ដូចដែលសម្ដេច បានបញ្ជាក់ហើយថា កិច្ចការអាស៊ាន នៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺនៅពេលខាងមុខនេះនឹងមានកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ ដូច្នេះឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏សូមយកឱកាសនេះ ជម្រាបជូនដល់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជាតែម្ដងថា នៅពេលខាងមុខនេះតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក អូទីន លោកនឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ADMM នេះ និងកិច្ចប្រជុំពាក់ព័ន្ធក្រៅផ្លូវការផ្សេងទៀតនៅទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជា ។ ដូច្នេះឯកឧត្តម អគ្គរដ្ឋទូត និង ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន ស្នើសុំកិច្ចសហការពីសម្ដេច និងថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ដើម្បីចូលរួមរៀបចំអំពីកិច្ចដំណើរការនៃកិច្ចប្រជុំនេះ សម្រាប់ការចូលរួមរបស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកនៅទីនោះផងដែរ ។
ជាការឆ្លើយតបសម្ដេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិកថា ភាគីកម្ពុជាបានរៀបចំរួចជា
ស្រេចនៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ បដិសណ្ឋារកិច្ច ដល់ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់ដឹកនាំកំពូលកិច្ចប្រជុំក្រៅផ្លូវការ សម្រាប់ការចូលរួមកិច្ចដំណើរការរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលក្រៅផ្លូវការ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងអំឡុងខែធ្នូខាងមុខនេះ ។ ដូច្នេះរាល់សំណើនៃកិច្ចសហការរបស់ ឯកឧត្តមឯករដ្ឋទូត សម្ដេច រីករាយអបអរសាទរ និងទទួលយក ។

សម្ដេចពិជ័យសេនា ក៏បានបញ្ជាក់ថា នៅខែក្រោយនេះ ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការ រវាងប្រមុខការពារជាតិអាស៊ានជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក រុស្សី នឹងឥណ្ឌា ផងដែរ។ ដែលនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះ ក៏នឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់រយៈពេលខ្លី ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គរដ្ឋទូត សារជាថ្មីម្ដងទៀតក៏បានថ្លែងអំណរគុណ ដល់សម្ដេចពិជ័យសេនា ចំពោះការផ្ដល់ពេលវេលាដល់ឯកឧត្តម ក្នុងការត្រៀមខ្លួនដើម្បីបានចូលរួមសហការក្នុងកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនេះ ។

ឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៅប្រទេសមីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកស្ថានភាពដើមវិញនោះ ។ ទាក់ទងដល់កិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិកក្នុងសង្គ្រាមនៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ប៉ាទ្រិច មូភី ក៏បានស្នើសុំផ្ដល់ការគាំទ្រ ពីសម្ដេចពិជ័យសេនា បន្តពង្រឹងពង្រីកិច្ចសហប្រតិបត្តិការរវាងក្រុមការងារទាំងពីរ ក្នុងការស្រាវជ្រាវរុករកបន្តទៀតទៅតាមអ្វីដែលរដ្ឋាភិបាល និងកងទ័ពប្រទេសទាំងពីរបានព្រមព្រៀងគ្នា ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកងទ័ព និងប្រជាជនអាមេរិកដែលក្នុងរយៈពេលកន្លងមក តែងតែបានផ្ដល់ការគាំទ្រជួយឧបត្ថម្ភទាំងស្មារតីសម្ភារៈថវិកាដល់កម្ពុជា ពិសេសក្នុងរយៈពេលកន្លងមកបានជួយហ្វឹកហ្វឺនបណ្ដុះបណ្ដាលដល់កងទ័ពកម្ពុជា លើវិស័យដោះមីនសន្តិសុខលំហសមុទ្រ ជំនាញសង្គ្រោះគ្រោះមហន្តរាយ និងជំនាញកងរក្សាសន្តិភាព បោកសំអាតមីន សម្រាប់អង្គការសហប្រជាជាតិ ។ ពិសេសនៅ
ក្នុងឆ្នាំ២០០៩-២០១០ សហរដ្ឋអាមេរិកបានជួយសាងសង់សាលាហ្វឹកហ្វឺនកងរក្សាសន្តិភាព អា សេ អូ (ACO) នៅក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងបានផ្ដល់នៅសម្ភារៈមួយចំនួនទៀត នឹងបានជួយផ្ដល់ការគាំទ្រឲ្យកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃលំហាត់ហ្វឹកហ្វឺន ជី ផយ GPOI ឆ្មាំអង្គរ ២០១០ ។ តាមរយៈលំហាត់ហ្វឹកហ្វឺនឆ្នាំអង្គរ ២០១០ នេះបានធ្វើឲ្យកងទ័ពកម្ពុជាចេញទៅបំពេញបេសកកម្មនៅបរទេសកាន់តែមានការកើនឡើង ។

សម្ដេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា ជោគជ័យនៃបេសកកម្មរក្សាសន្តិភាព របស់កងទ័ពកម្ពុជាគឺមិនអាចកាត់ផ្ដាច់ បានពីការគាំទ្ររបស់សហរដ្ឋអាមេរិកឡើយ ។ សម្ដេចពិជ័យសេនា ក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គរដ្ឋទូតអាមេរិកថា សម្ដេច នឹងពន្លឿនដល់ក្រុមការងារដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមជំនាញកងទ័ពសហរដ្ឋអាមេរិកក្នុងការស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិកក្នុងសង្គ្រាមនៅកម្ពុជា បន្តទៀតបន្ទាប់ពីជំងឺកូវីដ១៩ បានបញ្ចប់ទៅ។ សម្ដេចសង្ឃឹមថា តាមរយៈនៃកិច្ចសហប្រតិការរវាងរដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរកម្ពុជា អាមេរិក នឹងធ្វើឲ្យប្រទេសយើងទាំងពីរ កាន់តែពង្រឹងពង្រីកបាន ការរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែជិតស្និទ្ធ ៕

អត្ថបទដែលជាប់ទាក់ទង