ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកក្ដោងក្នុងការបង្ហាញខ្លួន លើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាជាតិ

81

ភ្នំពេញ៖ការបង្ហាញខ្លួនដំបូងរបស់កីឡាទូកក្តោងកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣បានក្លាយជាផ្នែកមួយដ៏មានសារសំខាន់ក្នុងការដុសខាត់សមត្ថភាពអត្តពលិកមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលនិងចៅក្រមដើម្បីធានាបាននូវការត្រៀមខ្លួនល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជាលោក សោម សុទ្ធរិទ្ធីពង្ស បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះគឺដំណើរការដោយជោគជ័យនិងរលួនដែលជាការបង្ហាញភាពរីកចម្រើនរបស់កីឡាទូកក្តោងកម្ពុជាពីព្រោះសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកម្រិតអន្តរជាតិ គឺជើងឯកទូកក្តោងអាស៊ីអាគ្នេយ៍ កាលពីខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។
ការរៀបចំកាលនោះទទួលបានការកោតសរសើរពីកីឡាករនិងគណៈកម្មការអន្តរជាតិពាក់ព័ន្ធនឹងបច្ចេកទេសនិងការរៀបចំទីលានប្រកួតជាដើម។ទាំងនេះបានផ្តល់ឲ្យសហព័ន្ធ
មានក្តីរំពឹងខ្ពស់និងជាទុនមួយដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី
៣២ ឆ្នាំ២០២៣។
សម្រាប់ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងកម្រិតអន្តរជាតិផ្សេងៗទៀតនាពេលខាងមុខ គឺសហព័ន្ធបានត្រៀមខ្លួនរួចជាស្រេចទាំងមន្រ្តីបច្ចេកទេស ទាំងចៅក្រម និងអាជ្ញាកណ្តាល។ ជាមួយគ្នានេះសហព័ន្ធក៏មានអាជ្ញាកណ្តាលអន្តរជាតិដែលធ្លាប់បណ្តុះបណ្តាលនៅប្រទេស
សិង្ហបុរីនិងថៃដែលអាចចូលរួមកាត់សេចក្តីលើការប្រកួតអន្តរជាតិដែលសហព័ន្ធគ្រោងនឹង
រៀបចំនាពេលខាងមុខនេះ។
លោក សោម សុទ្ធរិទ្ធីពង្ស បានអះអាងថា ចំពោះកីឡាករ កីឡាការិនីមកពី៥រាជធានី-ខេត្តនិងក្រសួងមានសិទ្ធផលនិងបច្ចេកទេសរីកចម្រើនខ្លាំងដែលអាចប្រកួតប្រជែងជាមួយគ្នាបានពោលគឺមិនចាញ់អត្តពលិកជម្រើសជាតិនោះទេ។
ជាលទ្ធផល ក្រសួងមហាផ្ទៃ ឈរលេខ១ដណ្តើមបានមេដាយច្រើនជាងគេគឺ មាស៣ លេខ២ ខេត្តកែប មាស១ ប្រាក់១ និងសំរិទ្ធ១ និងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ឈរលេខ៣ដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធ១ដូចគ្នា។
ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ឆ្នាំ២០២២សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានដាក់
មន្រ្តីបច្ចេកទេស២៥រូបនិងចៅក្រម៣រូបដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលពីគ្រូអន្តរជាតិ។សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣សហព័ន្ធត្រៀមមន្រ្តីបច្ចេកទេស៤៥រូប និងចៅក្រមអន្តរជាតិ៥រូប ក្នុងនោះមានកម្ពុជាមួយរូបទៀតផង៕

អត្ថបទដែលជាប់ទាក់ទង