ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអញ្ជើញចុះពិនិត្យ ការរក្សាហឹបសន្លឹកកិច្ចការ បេក្ខជននៅវិទ្យាល័យព្រះស៊ីសុវត្ថិ

35

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដា រាជធានី – ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត អប្បមាទទូទាំងប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ។

ក្រសួងកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស។

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនជ្រាបថា៖ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២។ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។ ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និង គរុនិស្សិតចំនួន ២៧៥៦នាក់, អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២៧០០នាក់។

បេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ (ត្រូវជា១,៨៧ភាគរយនៃបេក្ខជនសរុប) (ស្រី១០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល០៤ករណី, និងសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ មាន ០៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន០៣ករណី។ គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ, មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បានអនុវត្តតាមសេចក្តី ណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំង ប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, ភ្នាក់ងារសុខាភិបាល, កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិន ប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ។ បេក្ខជនប្រព្រឹត្ត កំហុសឆ្គងមានចំនួន០១ករណី។

ដំណើរការសំណេរបានបញ្ចប់ទៅនៅម៉ោង១៦:៣០រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ ហឹបសំណៅកិច្ចការបេក្ខជន និង សំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើរការកំណែ។

ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕

អត្ថបទដែលជាប់ទាក់ទង