ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចទូរស័ព្ទបានហើយយក Account FB ម្ចាស់ទូរស័ព្ទយកមក Live ត្រូវបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់

115


កណ្តាល៖ នគរបាលបានបង្រ្កាបបុរសម្នាក់ ក្នុងអំពើលួច ទូរស័ព្ទ និងលុយ ខណៈពេលដែល បុរសជាជនសង្ស័យ បានលួចទូរស័ព្ទមួយគ្រឿង ហើយយកAccount FB ម្ចាស់ទូរស័ព្ទ យកមកLive កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីចំណុច ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះរស់ ផល ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ២នាក់ ឈ្មោះ អ៊ិត រីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរនេសាទ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)និងបក្ខពួក ឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លែងដីដុះឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន) ។ សម្ភារៈ បាត់បង់មាន ទូរស័ព្ទ១គ្រឿង ម៉ាកHUAWEI ពណ៌ស (រកឃើញវិញ) ។ ប្រាក់រៀល ជាង១០ម៉ឺនរៀលប្រាក់ដុល្លារ ១.០០០ដុល្លារ ។

នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២.៣០នាទី ជនរងគ្រោះបានត្រឡប់ មកពីហូបការគេវិញ ពេលមកដល់ផ្ទះ ជនរងគ្រោះបានដោះសម្លៀកបំពាក់ទុកលើប៉ាវអ៊ី ដោយមានកូនកាបូបទុកលុយមានចំនួន ដូចខាងលើ នៅក្នុងហោប៉ៅខោនោះផងដែរ ចំណែកទូរស័ព្ទជនរងគ្រោះ បានដាក់បញ្ចូលថ្មលើតុមុខទូរទស្សន៍ រួចជនរងគ្រោះ ក៏ដេកលក់នៅលើគ្រែតែម្តងទៅ។ លុះព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹកជនរងគ្រោះបានភ្ញាក់ពីដំណេក រួចហើយបានយកទូរស័ព្ទនៅកន្លែងបញ្ចូលថ្ម ស្រាប់តែបាត់មិនឃើញ រួចទៅបានទៅស្ទាបហោប៉ៅខោរបស់ខ្លួន រកកូនកាបូបដាក់លុយ ស្រាប់តែឃើញបាត់លុយមិនឃើញ សល់តែកូនកាបូបមានលុយចំនួន ៥០០រៀល ក្នុងកាបូបទុកនៅលើប៉ៅអី។ លុះដល់វេលាម៉ោង១៣.៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល កូនរបស់ជនរងគ្រោះ បានឆែកមើល facebook ស្រាប់តែឃើញឈ្មោះ អ៊ិត រីម បាន account Facebook របស់ឪពុកខ្លួន ថតបង្ហោះរូបភាពផ្ទាល់ខ្លួន ពេលនោះទើបដឹងថា ឈ្មោះ អ៊ិត រីម ជាអ្នកចូលលួចទូរស័ព្ទ បន្ទាប់មកជនរងគ្រោះក៏ បានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់ ដោយចោទប្រកាន់ទៅលើជនសង្ស័័យ ដែលមានឈ្មោះខាងលើនោះតែម្ដង បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងទូរស័ព្ទ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុពញាឮ ដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះអ៊ិត រីម បានសារភាពថា ៖ នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុ ខ្លួន និងបក្ខពួកម្នាក់ទៀត ឈ្មោះសិទ្ធ បានទិញស្រាបៀរ១យួរផឹក ពេលផឹកអស់ស្រា ខ្លួនក៏យកថ្នាំញៀនជក់ ជាមួយឈ្មោះសិទ្ធ ពេលនោះខ្លួន និងឈ្មោះសិទ្ធ បាននិយាយគិតគ្នាថា នឹងធ្វើសកម្មភាពចូលលួចសម្ភារៈ ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយពេលនោះខ្លួនជាអ្នកចូលលួច យកបានទូរស័ព្ទ រីឯឈ្មោះ សិទ្ធ ខ្លួនពុំដឹងថា លួចបានអ្វីខ្លះទេ។ បច្ចុប្បន្នជនសង្ស័យឈ្មោះអ៊ិត រីម កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង