ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញវិស័យឧស្សាហកម្ម តែវិស័យកសិកម្ម នៅតែបន្តយកចិត្តទុកដាក់ ដើម្បីកុំឲ្យប្រជាពលរដ្ឋ ទុកដីធ្លីចោល និងធ្វើចំណាកស្រុក

338


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការជំរុញវិស័យឧស្សាហកម្ម តែវិស័យកសិកម្ម នៅតែបន្តយកចិត្តទុកដាក់ ដើម្បីកុំឲ្យប្រជាពលរដ្ឋ ទុកដីធ្លីចោល និងធ្វើចំណាកស្រុក។ សម្តេចបានលើកឡើងថា កម្ពុជាមិនអាចរីកចម្រើន លូតលាស់បានទេ ប្រសិនបើមិនជំរុញ វិស័យឧស្សាហកម្មឲ្យរីកចម្រើនទេនោះ ប៉ុន្តែវិស័យកសិកម្ម ក៏នៅតែជាវិស័យ អាទិភាពសម្រាប់ជាតិ។

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកូនក្មួយកម្មករសរុប ១៧.៧៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅក្នុងខេត្តតែកែវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រសហគ្រាស ងាយនឹងបាត់បង់ ប្រសិនបើមានស្ថានភាពមិនល្អ ដោយពួកគេនឹងរើរោងចក្រ ទៅប្រទេសដទៃ ដែលកំពុងមានប្រាក់ឈ្នួលទាបជាងកម្ពុជា ហើយបានអំពាវនាវដល់ថៅកែ និងកម្មករ ត្រូវរួមគ្នាធ្វើឲ្យបរិយាកាស ការងារកាន់តែល្អប្រសើរ ព្រោះកម្មករ និងថៅកែ គឺជាតួអង្គត្រូវរួមសហការគ្នា ដោយមិនអាចខ្វះបានឡើយ។

សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ការបណ្តេញកម្មករ កម្មការិនីចេញពីការងារ និងការធ្វើបាតុកម្មដើម្បីតវ៉ាទាមទារលក្ខខណ្ឌការងារអ្វីមួយ មិនមែនជាជម្រើសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយពង្រាយ រោងចក្រមកតាមបណ្តាខេត្ត កំពុងដំណើរការយ៉ាងល្អប្រសើរ ។ ការវិនិយោគមកកាន់ខេត្តតាកែវ នឹងមានច្រើនថែមទៀត ក្រោយពេលផ្លូវជាតិលេខ២ បានសាងសង់ និងស្តារឡើងវិញរួចរាល់។ ខេត្តតាកែវ គឺជាខេត្តមានសក្តានុពលវិនិយោគខ្ពស់ ហើយមានដីទំនេរ ច្រើនសម្រាប់បង្កើតរោងចក្រ សហគ្រាស។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីឲ្យកម្ពុជា ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ខេត្តតាកែវកាលពីទសវត្សរ៍ឆ្នាំ ៨០ គឺជាសមរភូមិក្តៅ ហើយទឹកដីខេត្តនេះ ជាតំបន់ដីធ្វើកសិកម្ម មិនមានការរីកចម្រើន និងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះទេ តែពេលនេះខេត្តតាកែវ មានរោងចក្រជាច្រើន បានមកវិនិយោគ ដែលបានការងារ ឲ្យកូនក្មួយប្រជាពលរដ្ឋ នៅខេត្តនេះមានការងារធ្វើ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ខេត្តតាកែវនេះ មានសក្តានុពលល្អណាស់ ចំពោះការបង្កើតរោងចក្រ ព្រោះតំបន់នេះ មាននៅសល់ដីធំៗជាច្រើន ដែលអាចបង្កើតរោងកច្របានច្រើន។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ សង្ឃឹមថា នឹងមានការបង្កើតរោងចក្រ ជាច្រើនថែមទៀត នៅតាមតំបន់មួយចំនួនផ្សេងទៀត ក្នុងខេត្តតាកែវនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ថ្ងែទី២០ មិថុនា ឆ្នាំ ២០១៨ នេះគឺជាខួបលើកទី៤១ឆ្នាំ (២០មិថុនា ១៩៧៧-២០ មិថុនា២០១៨) នៃការចេញដំណើរតស៊ូរំដោះ ប្រជាជនកម្ពុជា របស់សម្តេចផ្ទាល់ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅពេលនោះ គឺជាពេលវេលាដ៏លំបាកបំផុត ក្នុងការគូសផ្លូវដើរ និងសម្រេចចិត្ត ដើម្បីរូបសម្តេចផ្ទាល់ផង និងដើម្បីប្រជាជនកម្ពុជា ទាំងមូលផង ដែលជាការសម្រេចចិត្ត ដោយការឈឺចាប់ខ្លាំងបំផុត ពីព្រោះសម្តេចតេជោត្រូវចាកចេញពីភរិយា និងកូនជាទីស្រឡាញ់ដោយយកជីវិតធ្វើជាដើមទុន។

ទទ្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកូនក្មួយកម្មករកម្មការិនីទាំងអស់ ចូលរួមថែរក្សាការពារនូវអ្វី ដែលយើងមានសព្វថ្ងៃនេះ និងរួមគ្នារក្សាសន្តិភាពដើម្បី និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនបន្តទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសន្យាជាមួយកូនក្មួយកម្មករថា នឹងបន្តតំណែងជាបេក្ខភាព នាយករដ្ឋមន្ត្រីក្នុងរយៈពេល១០ឆ្នាំទៀត ដើម្បីបន្តនៅមើលថែ និងរួមសុខរួមទុក្ខ ជាមួយកូនក្មួយកម្មករកម្មករិនី និងប្រជាពលរដ្ឋទាំងអស់។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយផ្សេងៗ ដើម្បីបានជួបជុំជាមួយ សមាជិកសមាជិកា របស់ខ្លួនបានងាយស្រួល ជាពិសេសក្នុងការលើកស្លាក គណបក្សនយោយ បានតាមតំបន់ផ្សេងៗជាដើម៕

    

អត្ថបទដែលជាប់ទាក់ទង