ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រាប់និស្សិត និងសិក្ខាកាមនៅឡាវ ឱ្យប្រឹងសិក្សារៀនសូត្រ យកចំណេះមកបម្រើជាតិ

50

(វៀងច័ន្ទ, ឡាវ)៖ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសឡាវភ្លាម នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏អញ្ជើញជួបសំណេះ​សំណាល​ជាមួយនិស្សិត និងសិក្ខាកាមរបស់កម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវ ប្រមាណ ៨៦រូប។

ក្នុងជំនួបនោះលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យនិស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ បានជួបសុំការណែនាំពីសម្តេចលើ​ការ​សិក្សានៅប្រទេសឡាវ។

លោកស្រីឯកអគ្គរាជទូត បានឱ្យដឹងថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ ជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ នាំឱ្យមានលំបាក​ក្នុង​ការប្តូរប្រាក់។

លោកស្រីបន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យ​កម្ម​សំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច។

លោកស្រី បានឱ្យដឹងទៀតថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំហើយនោះ ក៏មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់ឱ្យអស់ពីសមត្ថភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើអំពើល្អ ត្រូវមានទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិត និងនិស្សិត។ ជាពិសេសត្រូវធ្វើអំពើល្អជាមួយ​ប្រជា​ជនឡាវ ចូលរួមការងារសង្គម និងចេះជួយយកអាសាគ្នា ពោលពេលរស់​នៅជាមួយគ្នា​ឱ្យគេស្រឡាញ់ ពេលចាកចេញពីគ្នាឱ្យគេនឹករលឹក។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកនិស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍​វិវត្តន៍​របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាន​ និងស្តាប់ពីអ្វី​ ដែល​រីកចម្រើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគិតមួយចំនួន ដែលបំភ្លៃការពិតពីការ​ដឹកនាំ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិ​កា​មួយចំនួន ជូនដល់និស្សិតទាំងអស់ ដែលកំពុង​សិក្សា​នៅក្នុងប្រទេសឡាវផងដែរ។ សម្តេចតេជោ​ បានស្នើឱ្យមានការយោគយល់​ ចំពោះ​ការ​លំបាក​​​របស់និស្សិត លើអត្រាប្តូរប្រាក់ក្នុងប្រទេសឡាវ ដោយសាតែការជួប​និងវិបត្តិកូវីដ១៩។

សម្តេចតេជោ ក៏​បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យជាមួយប្រទេសឡាវ។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេស​ឡាវនៅពេលនេះ សម្តេចនិងពិភាក្សាគ្នាមួយនិងភាគីឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ឱកុកាន់មានសន្ទុះខ្លាំងឡើងថែមទៀត ហើយនឹងមានការចុះហត្ថលេខាលើការបោះ​បង្គោលព្រំដែនកម្ពុជា-ឡាវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើង ពីការជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយភាគីឡាវ លើការជំរុញការហោះហើរ ទេសចរណ៍ និងថាមពលអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង