ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំកម្ពុជា សន្យាថា នឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតរមួតឡើង

63
ភ្នំពេញ ៖  ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ( UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួតឡើង ដោយសារនៅពេលនេះទាំងកម្ពុជា និងជប៉ុន មានភាពធូរស្រាលពីបញ្ហាកូវីដ-១៩ ហើយប្រទេសទាំងពីរបានបើកចំហរឲ្យមានការចេញ ចូលរវាងគ្នាទៅវិញទៅមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួប ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី នៅវិមានរដ្ឋសភានាព្រឹកថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតបានកោតសរសើរចំពោះពលីកម្ម និងការចូលរួមរំដោះ និងកសាងប្រទេសកម្ពុជា របស់សម្តេច ប្រធានរដ្ឋសភាតាំងពីដើមរហូតមក។
ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលថ្មីៗនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ បានស្វាគមន៍ និងអបអរ សាទរឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុន ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា ជប៉ុនមានគុណបំណាច់យ៉ាងធំធេងណាស់ ក្នុងការរួមចំណែក ធ្វើអោយកម្ពុជា មាន សុខសន្តិភាព និងការអភិវឌ្ឍបានដូចសព្វថ្ងៃ។ ប្រការនេះធ្វើឲ្យជប៉ុនក្លាយជាដៃគូអភិវឌ្ឍន៍ដ៏មានសក្តានុពលរបស់កម្ពុជា។
សម្តេចបានស្នើដល់ភាគីជប៉ុនបន្តជួយគាំទ្រដល់ការ បណ្តុះបណ្តាលធនធានកម្ពុជាបន្ថែមទៀត ដែលការបណ្តុះបណ្តាលនោះ ជាការកសាងធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
សម្តេចសង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តម នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាក្រសួង មន្ទីរ និង ស្ថាប័នខេត្ត-ក្រុងនានា របស់កម្ពុជា សំដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យនានា ឲ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសបន្តជួយ សម្រួលដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការ នៅប្រទេសជប៉ុនឲ្យបានកាន់តែច្រើនថែមទៀត។
រដ្ឋសភា ត្រៀមខ្លួនជាសេ្រច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយឯកឧត្តម ឯកអគ្គរាជទូត ដើម្បីឲ្យបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ៕
អត្ថបទដែលជាប់ទាក់ទង