ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា

34

ភ្នំពេញ ៖ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឧត្តមសេនីយ៍ទោ ដាវីដ ណីអូ មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី និងប្រតិភូ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៣ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម ដាវីដ ណីអូ និងប្រតិភូ ដោយបានវាយតម្លៃថា តាមរយៈដំណើរទស្សនកិច្ចនេះពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជាចាប់តាំងពីក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយល្អ និងកំពុងដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តមបញ្ជាក់ថា ជាអកុសលព្រះជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល បានជួបប្រទះការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព អាយុជីវិត និងសេដ្ឋកិច្ចប្រជាពលរដ្ឋ។ សម្រាប់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងស្ថានការណ៍នៃការឆ្លងជំងឺនេះបានល្អ និងបានដំណើរការបើកសេដ្ឋកិច្ចប្រទេសឡើងវិញជាបណ្តើរៗ។

ឯកឧត្តមបានបន្តថា ជាមោទនភាពរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រព្រឹត្តិទៅដោយជោគជ័យ ដោយមានការចូលរួមពីបណ្ដាមេដឹកនាំប្រទេសក្នុងតំបន់ និងក្រៅតំបន់ ពិសេសមេដឹកនាំប្រទេសមហាអំណាច។

ពាក់ព័ន្ធដល់ទំនាក់ទំនងកម្ពុជា សិង្ហបុរី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការវិវត្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល ការជួយកម្ពុជាសមាហរណកម្មចូលក្នុងតំបន់ ទាំងវិស័យធនធានមនុស្ស សេដ្ឋកិច្ច និងបច្ចេកវិទ្យា ជាដើម។

ដោយឡែកក្នុងវិស័យយោធា សឺង្ហបុរី បានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស កងទ័ពទឹក ភាសាបរទេស អភិបាលកិច្ច សេនាធិការ ព្រមទាំងការផ្ដល់សម្ភារៈ គ្រឿងបំពាក់មួយចំនួនទៀតផងដែរ។

ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានអរគុណផងដែរចំពោះកងទ័ពពិសេសសិង្ហបុរី ដែលបានជួយកងទ័ពពិសេសកម្ពុជា និងអរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកប្រទេសទាំងពីរ ដែលនាំមកនូវផ្តល់ទំនុកចិត្ត ការរីកចម្រើន និងផលប្រយោជន៍កងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម បានថែ្លងអំណរគុណកងទ័ពសិង្ហបុរី ដែលកន្លងមកតែងបានជួយបណ្តុះបណ្តាលនាយទាហានវ័យក្មេងកម្ពុជា និងបានសំណូមពរឱ្យសិង្ហបុរីបន្តផ្តល់ការគាំទ្របន្ថែមទៀតលើវិស័យហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាវីដ ណេអូ បានគាំទ្រចំពោះការវាយតម្លៃរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពទាំងពីរបន្ថែមទៀតនាពេលអនាគត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាវីដ ណេអូ ការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី និងការវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រឈមបញ្ហាសន្តិសុខ និងការឆ្លងរាលដានៃជំងឺ-១៩។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាវីដ ណេអូ បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងនោះក៏មិនអាចខ្វះបានពីវត្តមានរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការចូលរួមថែរក្សាសន្តិសុខ ស្ថិរភាព ការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ឯកឧត្តមមេបញ្ជាការជើងគោក បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងកងទ័ពជើងគោកប្រទេសទាំងពីរ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងនោះបានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមក ការជួយដល់កម្លាំងកងទ័ពពិសេស និងកងកម្លាំងផ្នែកផ្សេងៗទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាវីដ ណេអូ ក៏បានជម្រាបជូនពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការជាងគោក នៅក្នុងការពិភាក្សាអំពីប្រធានបទមួយចំនួន រួមមាន: ការផ្លាស់ប្ដូរទស្សនកិច្ច ការហ្វឹកហ្វឺន ការធ្វើលំហាត់ និងការរៀបចំផែនការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកប្រទេសទាំងពីរទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង