ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនក្លែងជាអាវុធហត្ថ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

54

 

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះកោសជប់ម៉ាស្សា ផ្លូវ ៣០ ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ ចោមចៅ ២ ខណ្ឌពោធិសែនជ័យ ពាក់ព័ន្ធករណីក្លែងបន្លំ ជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។

ជនសង្ស័យឈ្មោះ ស៊ី កប ភេទ ប្រុស អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្រ្ក និងពាក់ស័ក្ក ថ្នាក់អនុសេនីយ៍ឯក កាន់កាប់អាវុធខ្លី១ដើម ម៉ាក K៥៤ លេខ១៩៥២ បង់០១ គ្រាប់០៧គ្រាប់ អាឌី ១គ្រឿង ស្រោមកាំភ្លើង ១ ម៉ូតូ ១ គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-2940 ធ្វើសកម្មភាព ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង