ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសេដ្ឋកិច្ច និង ADB ពិភាក្សាអំពីជំនួយបច្ចេកទេស រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ ដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ

59

ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ លោក Daisuke Mizusawa មន្រ្តីជំនាញការជាន់ខ្ពស់ផ្នែកដឹកជញ្ជូន នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពាក់ព័ន្ធនឹងការរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងរាជធានីភ្នំពេញ។

លោក Daisuke Mizusawa បានជម្រាបជូនអំពីសាវតា និងគោលបំណង នៃការសិក្សាលើការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈ នៅក្នុងទីក្រុង ដើម្បីរួមចំណែកដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូននៅរាជធានីភ្នំពេញ ដែលការសិក្សានេះធ្វើឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានជំនួយបច្ចេកទេសរបស់ជប៉ុន គ្រប់គ្រងដោយ ADB និងកម្មវិធីភាពជាដៃគូ MobiliseYourCity របស់ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ការសិក្សាបានបង្ហាញនូវលទ្ធភាពនៃជម្រើសមួយចំនួន សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះរួមទាំងតម្រូវការវិនិយោគលើគម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងផងដែរ។ ក្រុមបេសកម្មរបស់ ADB ក៏បានស្នើសុំមតិណែនាំជាយុទ្ធសាស្រ្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យការសិក្សានេះអាចឆ្លើយតបចំគោលដៅ និងដោះស្រាយបានចំបញ្ហា។

ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោករដ្ឋមន្រ្តីប្រតិភូ វង្សី វិស្សុត បានស្វាគមន៍ចំពោះជំនួយបច្ចេកទេសដ៏មានសារៈសំខាន់នេះ នៅក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកំណើនខាងផ្នែកនគរូបនីយកម្មក៏មានល្បឿនលឿន ពិសេសក្នុងរាជធានីភ្នំពេញ និងទីក្រុងនៅតាមបណ្តាខេត្តមួយចំនួន ខណៈដែលបញ្ហាការកកស្ទះចរាចរណ៍ និងប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូនបាននិងកំពុងក្លាយជាបញ្ហាប្រឈមមួយដ៏ធំពីមួយថ្ងៃទៅមួយថ្ងៃ។

លោករដ្ឋមន្រ្តីប្រតិភូបានស្នើក្រុមបេសកកម្មរបស់ ADB ត្រូវផ្តោតការយកចិត្តទុកដាក់គិតគូរទៅដល់កត្តាប្រសិទ្ធភាព និងនិរន្តភាព នៅក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុង (Mass transit) ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, បច្ចេកទេស, ចល័តភាពរបស់ប្រជាជន (People mobility), ខ្សែច្រវ៉ាក់ផ្គត់ផ្គង់, បញ្ហាបរិស្ថាន និងហិរញ្ញវត្ថុ ពិសេសពីភាពចំណេញខាតរបស់គម្រោង និងលទ្ធភាពក្នុងការប្រមូលថ្លៃដើមមកវិញផងដែរ។ លោកបានបន្តទៀតថា ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ មិនមែនជាដំណោះស្រាយតែមួយគត់ ក្នុងការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នោះទេ។ ដូចនេះ ចាំបាច់ត្រូវធ្វើការគិតគូរនៅក្នុងក្របខណ្ឌនៃដំណោះស្រាយពេញលេញ និងគ្រប់ជ្រុងជ្រោយមួយ ដោយត្រូវប្រទាក់ក្រឡាជាមួយនឹងការរៀបចំផ្នែកនគរូបនីយកម្ម, ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, លំហូរចរាចរណ៍ និងដង់ស៊ីតេប្រជាជន ព្រមទាំងបញ្ហាគួបផ្សំមួយចំនួនទៀត។

លោករដ្ឋមន្រ្តីប្រតិភូ វង្សី វិស្សុត ក៏បានបន្តលើកឡើងផងដែថា ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅទីក្រុង ត្រូវតែផ្អែកលើផែនការនគរូបនីយកម្ម, ផែនការមេអភិវឌ្ឍន៍ទីក្រុង, ផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធតភ្ជាប់ទីក្រុងទៅប៉ូលសេដ្ឋកិច្ច និងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងទីក្រុង ព្រមទាំងផែនការអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងទីក្រុង។ ទន្ទឹមនេះ ក៏ទាមទារនូវការរៀបចំក្របខ័ណ្ឌនៃយន្តការស្ថាប័នច្បាស់លាស់ ដែលមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវអភិវឌ្ឍគម្រោង ប្រកបដោយចីរភាព និងក្នុងទិសដៅច្បាស់លាស់។ ទន្ទឹមនេះ ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅទីក្រុង ក៏ត្រូវគិតគូរថែមទៀតទៅដល់មធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត ដោយមិនសំដៅត្រឹមតែរថយន្តក្រុងតែមួយមុខនោះទេ ដូចជា៖ រថភ្លើងលើអាកាស (Sky train), រថភ្លើងក្រោមដី (Metro) និង Tramway ផងដែរ។ ដោយឡែក ចំពោះការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង (Bus) ក៏ត្រូវមានការគិតគូរដល់របៀងដឹកជញ្ជូន (corridor) និងតម្រាយផ្លូវ និង កក្តាការចូលរួមគាំទ្រក្នុងការប្រើប្រាស់របស់ប្រជាជន (People willingness) ថែមទៀត។ យើងក៏ត្រូវសិក្សាផងដែរថា តើរថយន្តក្រុងទាំងនោះ ជាប្រភេទរថយន្តដែលប្រើប្រាស់ថាមពលប្រេង ឬក៏ប្រើអគ្គិសនីជំនួសឱ្យប្រេង ដើម្បីកុំឱ្យមានការបំភាយឧស្ម័នការបូនិច (carbon dioxide)និងប៉ះពាល់ដល់បរិស្ថាន។

លោករដ្ឋមន្រ្តីប្រតិភូ វង្សី វិស្សុត បានស្នើដល់ក្រុមបេសកកម្មរបស់ ADB ផ្តោតការសិក្សាដោយគិតគូរដល់គ្រប់ទិដ្ឋភាពទាំងនេះ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យក្នុងដឹកជញ្ជូនសាធារណៈនៅក្នុងរាធានីភ្នំពេញ ដោយភ្ជាប់ជាមួយនឹងផែនការវិនិយោគ។ យោងតាមបទពិសោធន៍នៃបណ្តាប្រទេសនានា ការវិនិយោគនេះនឹងមានទំហំធំ ក្នុងរយៈពេលវែង ច្រើនដំណាក់កាល ដែលទាមទារឱ្យមានគិតគូររៀបចំផែនការកម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានវិស្វកម្មហិរញ្ញប្បទានច្បាស់លាស់ ដែលមានយុត្តិធម្មលើ ដំណោះស្រាយត្រឹមត្រូវ និងមាននិរន្តភាព និងលទ្ធភាពទ្រទ្រង់បានផ្នែកហិរញ្ញវត្ថុ។

ជាការឆ្លើយតប លោក Daisuke Mizusawa បានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តីប្រតិភូ សម្រាប់ធាតុចូលដ៏មានសារៈសំខាន់នេះ ហើយលោក និងសហការី នឹងបន្តខិតខំសិក្សាដោយគោរពតាមអនុសាសន៍ណែនាំនេះ។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាទីភ្នាក់ងារ-បារាំង ចំពោះការផ្តល់ហិរញ្ញប្បទានជំនួយបច្ចេកទេសក្នុងការសិក្សាលើវិស័យដឹកជញ្ជូនសាធារណៈនៅទីក្រុងនេះ និងបានជូនពរដល់ក្រុមបេសកកម្មទាំងអស់ សូមទទួលបានជោគជ័យក្នុងការបំពេញការងាររបស់ខ្លួននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង