ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ មានសមត្ថភាព ផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ

49

 

ភ្នំពេញ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម អ៊ូ អិណុ អាត់ស៊ូស៊ី(UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតី ក្នុង ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ ដែលមានទីតាំងស្ថិតនៅភូមិបឹងធំ ទី៣ សង្កាត់ បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ៖សម្រាប់គម្រោងសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ។ ក្នុងនោះទុនវិនិយោគ បានពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានចំនួន ១.៤៩៤.០០០ ដុល្លារអាមេរិក ,បដិភាគរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន៩៣១.៩០០ ដុល្លារអាមេរិក រយៈពេលសាងសង់ ០៧ ខែ ចាប់ពី ខែមីនា ដល់ខែតុលា ឆ្នាំ ២០២៣ ។ មានសមត្ថភាព ផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ និងមានប្រវែងបណ្តាញ ចំនួន ៥១ គីឡូម៉ែត្រ ។

ឯកឧត្តម អ៊ូ អិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា បានមានប្រសាសន៍លើកឡើងពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-ជប៉ុន ដែលរហូតដល់បច្ចុប្បន្ននេះ គឺជាខួបរយ:ពេល ៧០ ឆ្នាំ ហើយ ។ រដ្ឋាភិបាលជប៉ុន ធ្វើការជាមួយកម្ពុជាលើវិស័យទឹកស្អាតនេះ ចាប់តាំងពី ឆ្នាំ ១៩៩៣ មក ។ ចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការនេះមក ក្រសួងឧស្សាហកម្ម គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការអនុវត្ត នូវគម្រោងទឹកស្អាតមួយចំនួនប្រកបដោយឆន្ទ:ខ្ពស់ និងការចូលរួមយ៉ាងសកម្ម ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងផែនការអភិវឌ្ឍនៅកម្ពុជា និយាយជារួម និងដោយឡែកវិស័យទឹកស្អាត ជប៉ុនបានដើរតួយ៉ាងសំខាន់នៅម្ពុជា ។ និយាយឲ្យចំគឺប្រជាពលរដ្ឋកម្ពុជា ពេលបានទឹកស្អាត ប្រើប្រាស់ពិតជានឹកឃើញ និងដឹងគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ។ ជាក់ស្តែងតំបន់នេះ ដែលរាជរដ្ឋាភិបាលទើបកាត់បញ្ចូលក្នុងដែនដីរដ្ឋបាល រាជធានីភ្នំពេញ បើមិនមានជំនួយរបស់ជប៉ុន ទេសង្កាត់ទាំង៣ ក្នុង ខណ្ឌតំបូល រួមមាន សង្កាត់បឹងធំ សង្កាត់ ប្រទះឡាង និងពងទឹកនេះ គឺរង់ចាំដល់ឆ្នាំ២០៣០ ទើបមានទឹកស្អាតចូលដល់ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានទាញចំណាប់អារម្មណ៍អង្គពិធីថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការគិតគូខ្ពស់ណាស់ចំពោះសុខទុក្ខ និងសុខមាលភាព ប្រជាពលរដ្ឋទូទៅ ពិសេស ត្រូវមានទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្នាក្នុងទីប្រជុំជន នៅឆ្នាំ ២០២៥ និងទឹកស្អាតសម្រាប់ទាំងអស់គ្នា នៅឆ្នាំ ២០៣០ ។ ចំណុចនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានរំលឹកថា ពេលទឹកស្អាតតចូលផ្ទះបងប្អូនហើយ បងប្អូន ត្រូវឈប់ប្រើទឹកស្រះ ទឹកអណ្តូង ឬទឹកពីប្រភពផ្សេងៗ ដែលមិនបានធ្វើប្រព្រឹត្តិកម្មទឹកស្អាត តែអាចប្រើប្រាស់សម្រាប់ដំណាំ ឬសត្វផ្សេងៗបាន ។ មិនដូច្នេះទេ បងប្អូន នឹងអាចឆ្លងនូវជំងឺនានា ដែលត្រូវចំណាយពេលវេលា និងប្រាក់កាស់ព្យបាលតិចឬច្រើន ។ តែបើយើងប្រើប្រាស់ទឹកដែលចេញពីអាងប្រព្រឹត្តកម្ម ដូចយើងបានរៀបចំពិធីថ្ងៃនេះ គឺជាទឹកដែលបានធ្វើប្រព្រឹត្តកម្មសម្លាប់មេរោគរួចរាល់ហើយ ជាទឹកដែលមានសុវត្ថិភាព ហើយតម្លៃទៀតសោត គឺមិនថ្លៃទេបើប្រៀបធៀបនឹងទឹកយកពីប្រភពផ្សេងៗដូចជា ជួលគេរែក ជួលគេដឹក ឬក៏ប្រើម៉ូទ័របូម ពីព្រោះទឹកស្អាតនេះ យើងបើកតែរ៉ូប៊ីណេ គឺអាចប្រើប្រាស់បានតែម្តង គ្រប់២៤ម៉ោង ៕

អត្ថបទដែលជាប់ទាក់ទង