ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី

43

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២៣ នេះបានចេញសេចក្តីសម្រេច ស្តីពីការបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ក្រោយពេលមានស្ត្រីម្នាក់បានដេកស្លា.ប់នៅក្នុងហាងកែសម្ផស្ស ខណៈពេលចូលទៅវះកាត់កែដើមទ្រូង។

ក្រសួងសុខាភិបាល , បិទនិងដកហូតលិខិតអនុញ្ញាតឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះអីម២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះ ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អ៊ីម២៥ ប៊ីយូធី ។

ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ១៧៩/២២ អបស/មព ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួង សុខាភិបាល ។

មានរឿងគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងមួយដោយស្រ្តីម្នាក់បានចូលទៅ ហាងកែសម្ផស្សនៅក្នុងមជ្ឈមណ្ឌល យីហោ អន្តរជាតិM25 បាន ស្លា.ប់បាត់បង់ជីវិត ខណៈពេលកំពុងតែវះកាត់ដើមទ្រូង ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ 73B ផ្លូវលេខ 70 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះឈ្មោះ ឃុន ចន្នី អាយុ ៤១ ទី លំនៅភូមិគីឡូ ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត ។

បើយោងតាមប្រភព ពីអ្នកស្គាល់ស្ត្រីរងគ្រោះខាងលើ បានបង្ហើប ប្រាប់ឲ្យដឹងថា ដោយស្ត្រី រូបនោះបាន សុំស្វាមីគាត់ទៅកែរច្រមុះ ប៉ុន្តែស្ត្រី រូបនោះមិនបានកែច្រមុះនោះទេបែរជាលួចកែដើមទ្រូងទៅវិញដោយ មិនប្រាប់ក្រុមគ្រួសារនោះឡើយ លុះមកដល់វេលាម៉ោងប្រមាណជា៩យប់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានមន្រ្តីសមត្ថកិច្ចលោកបានតេទៅក្រុមគ្រួសារស្រ្តីរងគ្រោះថា រូបនាងបានស្លា.ប់បាត់បង់ជីវិត ខណៈពេលដែលកំពុងតែវះកាត់កែដើមទ្រូងដាក់ (សូដន់) ភ្លាមនោះដែរស្រាប់តែ ក្រុមគ្រួពេទ្យនៅក្នុងមជ្ឈមណ្ឌលកែសម្ភស្ស អន្តរជាតិ M25 បានរត់គេចខ្លួនបាត់ពីហាងបាត់ស្រមោលរួចក៏បានពលរដ្ឋជិតខាងរាយការទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។ គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ មិនទាន់មានការបញ្ជាក់ពីហាងកែសម្ផស្សមជ្ឈមណ្ឌលអន្តរជាតិM25 ណាមួយឡើយ អំពីហេតុការណ៍ដែលកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សរបស់ខ្លួន ។

បន្ទាប់ពីកើតហេតុខាងលើក៏មានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ចុះមកដល់រួចក៏បានទំនាក់ទំនងទៅ ខាងផ្នែកជំនាញកោសលវិច័យ ដើម្បីឱ្យចុះមកពិនិត្យទៅលើសពស្ត្រីរងគ្រោះ បន្ទាប់ក៏បានពិនិត្យរួចជំហានដំបូង សមត្ថកិច្ចដាក់សន្និដ្ឋានថា សពស្ត្រីខាងលើស្លា.ប់ ដោយសារបញ្ហាគាំងបេះដូង ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុង បន្តត្រួតពិនិត្យតាមជំនាញរកមូលហេតុ នៃការស្លា.ប់ តើមានការពាក់ព័ន្ធគ្នាជាមួយ បច្ចេកទេសកែសម្ផស្សដែរឫទេ ។ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯហាងកែសម្ផស្សយីហោអន្តរជាតិM25 សមត្ថកិច្ចនិងធ្វើការបិទជាបណ្ដោះអាសន្នសិន៕

អត្ថបទដែលជាប់ទាក់ទង