ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង អស់ជាង២០ខ្នង

72

កំពង់ឆ្នាំង៖ មានករណីអគ្គីភ័យមួយបានកើតឡើងនៅម្ដុំជួរមាត់ទ ន្លេផ្សារក្រោមក្នុងក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២៣នេះ បណ្តាលឱ្យមានការខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង។

លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទឱ្យដឹងថា អគ្គីភ័យនេះបានកើតឡើងចេញពីផ្ទះប្រជាពលរដ្ឋប្រកបមុខរបរឆ្អើត្រីលក់មួយកន្លែងទើបរាលដាលឆេះជាបន្តបន្ទាប់គ្នា អស់ប្រមាណ ២៧ ខ្នង ដែលមានប្រជាពលរដ្ឋរស់នៅជាង៣០គ្រួសារដែលបានរងគ្រោះ ក្នុងចំណោមផ្ទះនៅម្ដុំនោះសរុបចំនួន៤២ខ្នង ដែលនេះគឺជាព័ត៌មានបឋមនៅឡើយ។

ចំណែក លោកឧត្តមសេនីយ៍ត្រី អៀរ  ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ករណីភ្លើងឆេះផ្ទះខាងលើនេះ អង្គភាពពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់រថយន្តពន្លត់អគ្គី ភ័យចំនួន១០គ្រឿង និងបានអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រា ស់ទឹកអស់ប្រមាណជិត១០០ឡានទើបគ្រប់គ្រងសភាពការណ៍បាន។

ចំណែកឯទំហំនៃការខូចខាតទ្រព្យសម្បត្តិក្នុងករណីអគ្គីភ័យខាង លើនេះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវបូកស រុបមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។

ដោយឡែកប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីអគ្គីភ័យនេះបានឆេះចេញពីម្ចាស់ផ្ឋះពលរដ្ឋមួយខ្នង ដែលមានរោងឆ្អើរត្រីលក់នៅខាងក្រោយផ្ទះ ដោយការធ្វេសប្រ ហែសទើបបង្កឲ្យអោយឆេះកន្លែងឆ្អើត្រី និងរាលដាលឆេះផ្ទះពលរដ្ឋក្បែរនោះ ជាបន្តបន្ទាប់តែម្តង។

ខណៈក្នុងពេលភ្លើងកំពុងឆេះផ្ទះក៏មានខ្យល់បោកបក់មកយ៉ាងខ្លាំងផងដែរ ទើបបង្កការរាលដាលឆេះយ៉ាងសន្ធោសន្ធៅឆេះជាបន្តបន្ទាប់រហូត ដល់ម៉ោង៩៖៣០នាទី ទើបសមត្ថកិច្ចពន្លត់អគ្គីភ័យ គ្រប់គ្រងសភាពការណ៍បាន៕

អត្ថបទដែលជាប់ទាក់ទង