ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិល្បករកម្ពុជាមានកិត្តិយស បានចូលរួមព្រឹត្តិការណ៍ សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ានលើកទី១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

400

ភ្នំពេញ៖ លោក លី វណ្ណា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសីល្បៈ បាមបញ្ជាក់ឲ្យដឹងថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ថា ថ្ងៃនេះប្រតិភូ ជាសិល្បករកម្ពុជា មានកិតិយស បានចូលរួមកម្មវិធី “សប្តាហ៍បេតិកភណ្ឌ វប្បធម៌អរូបី ចិន-អាស៊ានលើកទី១”នៅទីក្រុងណាននីងនៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន” នៃទីក្រុងណាននីង ។

លោក លី វណ្ណា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានមានប្រសាសន៍ថា នៅក្នុង ព្រឹត្តិការណ៍បេតិកភណ្ឌវប្បធម៌អរូបីនេះ ក្រុមសិល្បករកម្ពុជា បាននាំយកសកម្មភាពចូលរួមសំខាន់ៗ ចំនួន៣៖ (១) ការចូលរួមថ្លែង សុន្ទរកថា បើកកម្មវិធីសប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន និងការធ្វើបទបង្ហាញអំពី “សមិទ្ធិផលសំខាន់ៗនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌ អរូបីរបស់កម្ពុជា” នៅក្នុងកម្មវិធីវេទិកាវប្បធម៌អរូបីចិន-អាស៊ាន របស់ លោក លី វណ្ណា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ (២) ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរចំនួន៦ទម្រង់ និងការតាំងពិព័រណ៍អំពីផលិតផលក្នុងស្រុក ធ្វើដោយដៃ ដែលក្នុងនោះរួមមាន សម្លៀកបំពាក់ប្រពៃណី, សំពត់ហូលពិដាន, មុខខ្មុក, ស្បែកតូច, ក្រមា, បណ្តោងសោ, ស្ទីកគ័រគំនូរបុរាណ, រូបគំនូរបុរាណ, តែខ្ញី និងវត្ថុអនុស្សាវរីយ៍ដទៃទៀត។ ក្រុមនិស្សិតចិនដែលកំពុងរៀនភាសាខែ្មរ និងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តក្វាងសុី បានមក ចូលរួមជួយរៀបចំការដាក់តាំងពិព័រណ៍នេះផងដែរ និងបាននាំយកនំបញ្ចុក, ទឹកសណ្តែក និងបង្អែម ចេកខ្ទិះ មកដាក់តាំង និងចែកជូនភ្ញៀវទស្សនិកជនពិសាដោយឥតគិតថ្លៃទៀតផង ដើម្បីផ្សព្វផ្សាយ ម្ហូបខ្មែរ។
ជាមួយនឹងការដាក់តាំងពិព័រណ៍នេះ ក្រុមសិល្បករខ្មែរបានសម្តែងរបាំឆៃយ៉ាំជូនភ្ញៀវទស្សនា និងនាំភ្ញៀវទស្សនិកជនរាំកម្សាន្តយ៉ាងសប្បាយរីករាយ។ របាំឆៃយ៉ាំ និងការច្រៀងរាំកម្សាន្តនេះ បានទាក់ទាញភ្ញៀវទស្សនិកជនចិន, អាស៊ាន និងជនបរទេសដទៃទៀតចូលរួមយ៉ាងច្រើន និង សប្បាយ រីករាយក្រៃលែង និង(៣) សម្តែងសិល្បៈ ដោយលើកយកល្ខោនខោល, ល្ខោនស្រមោលស្បែកធំ និង របាំឆៃយ៉ាំ មកចូលរួមសម្តែងជូនទស្សនិកជនចិន និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូលរួមកម្មវិធី សប្តាហ៍វប្បធម៌អរូបីនេះ។

នៅក្នុងព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ានលើកទី១” នៅទីក្រុងណាននីង ខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិននេះ មានអ្នកចូលរួមជាច្រើនរយនាក់ដែលក្នុងនោះ រួមមាន៖ សិល្បករមកពីប្រទេសអាស៊ានចំនួន៦ (កម្ពុជា, ឡាវ, វៀតណាម, ថៃ, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី) និងក្រុមសិល្បករ និងអ្នកជំនាញវប្បធម៌អរូបីចិនមកពីខេត្តចំនួន២៥ បានចូលរួមធ្វើបទបង្ហាញ ក្នុងវេទិកាវប្បធម៌អរូបីចិន-អាស៊ាន, ដាក់តាំងបង្ហាញផលិតផលសិល្បៈ និងវប្បធម៌ ព្រមទាំងសម្តែង សិល្បៈប្រចាំតំបន់របស់ខ្លួនតាមកម្មវិធីដែលបានគ្រោងទុក។ ព្រឹត្តិការណ៍វប្បធម៌អរូបីនេះ ពិតជាបានផ្តល់ឱកាសឱ្យកម្ពុជា បានផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌អរូបី របស់ខ្លួនលើឆាកអន្តរជាតិ ជាពិសេសដល់ប្រទេសចិន និងបណ្តាប្រទេសអាស៊ានមួយចំនួន ដែលបាន អញ្ជើញមកចូលរួម ព្រមទាំងទទួលបានចំណេះ និងបទពិសោធន៍ថ្មីៗពីបណ្តាប្រទេសដទៃជាពិសេសចិន និងអាស៊ានក្នុងវិស័យអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងតំបន់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជាសូមសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មាធិការរៀបចំសប្តាហ៍បេតិក ភណ្ឌវប្បធម៌អរូបីចិន-អាស៊ានលើកទី១ នៅទីក្រុងណាននីង នៃខេត្តក្វាងសុីនេះដែលបានអញ្ជើញក្រុមសិល្បករកម្ពុជា ចូលរួមផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបី របស់កម្ពុជា និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ជាមួយចិន និងបណ្តាប្រទេសអាស៊ានដែលបានចូលរួមកម្មវិធីនេះ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង