ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី នឹងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង លើនាវាមុជទឹកនុយក្លេអ៊ែរស៊េរីថ្មី

103

(មូស្គូ)៖ ប្រធានក្រុមហ៊ុនផលិតនាវាចម្បាំងដ៏ធំមួយរបស់រុស្ស៉ី បាននិយាយថា រុស្ស៉ីកំពុងស្ថិត នៅក្នុងដំណើរការបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

លោក អាឡិចសី រ៉ាក់ម៉ានូវ (Alexei Rakhmanov) ជានាយកប្រតិបត្តិការក្រុមហ៊ុន United Shipbuilding Corporation (USC) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ។ នាយកប្រតិបត្តិរូបនេះបានគូសបញ្ជាក់ដូច្នេះថា «នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមានមុខងារជាច្រើន Yasen-M project នឹងត្រូវបាន…បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon។ កិច្ចការក្នុងទិសដៅ នេះកំពុងដំណើរការហើយ»

គួរបញ្ជាក់ថា នាវាមុជទឹក Yasen ឬ Project 885M គឺជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រដាប់ដោយមីស៊ីលគ្រូស ដែលត្រូវបានផលិតឡើង សម្រាប់ជំនួសនាវាមុជទឹកនុយក្លេអ៊ែរសល់ពីសម័យសូវៀត ជាផ្នែកមួយនៃការធ្វើទំនើបកម្មកងកម្លាំងរបស់រុស្ស៉ី។ ចំណែក មីស៊ីលល្បឿនលឿនជាងសំឡេង Zircon វិញ មានសមត្ថភាពបាញ់បានចម្ងាយពី៩០០គីឡូម៉ែត្រ ដោយអាចហោះបានក្នុងល្បឿនលឿនជាងសំឡេងជាច្រើនដង៕

អត្ថបទដែលជាប់ទាក់ទង