ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣នាក់ស្លាប់ ដោយសាររុស្ស៉ីបើកការវាយប្រហារ លើភាគខាងលិចអ៊ុយក្រែន

142

(កៀវ)៖ ក្រុមមន្រ្តី បាននិយាយថា ការវាយប្រហារតាមអាកាសដ៏ធំមួយរបស់រុស្ស៉ី ទៅលើតំបន់ល្វីវ (Lviv) ស្ថិតនៅភាគខាងលិច និងតំបន់វ៉ូលីន (Volyn) ស្ថិតនៅភាគពាយព្យរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងអ្នកដ៏ទៃទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក យូរី ប៉ូហូលយៃកូ (Yuriy Pohulyaiko) អភិបាលតំបន់ Volyn បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា មនុស្ស ៣នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងទីក្រុងលលូតស្ក៍ (Lutsk) បន្ទាប់ពីសហគ្រាសអាជីវកម្មមួយរងការវាយប្រហារ។ រីឯ ការវាយប្រហារលើទីក្រុង Lviv វិញ បើតាមព័ត៌មានបឋម មិនមានអ្នកស្លាប់និងរបួសនោះទេ ប៉ុន្តែផ្ទះលំនៅដ្ឋានជាង ១០០ខ្នងបានរងការខូចខាត។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញមីស៉ីល ១៦គ្រាប់ក្នុងចំណោម ២៨គ្រាប់ ដែលរុស្ស៉ីបាញ់ស្រោចតាមអាកាស និងតាមសមុទ្រ។

គួរបញ្ជាក់ថា តំបន់ Volyn មានព្រំប្រទល់ជាប់ប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូនៅភាគខាងលិច។ ដោយឡែក តំបន់ Lviv ដែលនៅឆ្ងាយពីសមរភូមិជួរមុខ តែងរួចផុតពីការវាយប្រហារតាមអាកាសភាគច្រើនរបស់រុស្ស៉ី ប៉ុន្តែកាលពីខែ​​ខែកក្កដា មានមនុស្ស ​៧​នាក់ស្លាប់ នៅពេលដែលមីស៉ីល​ធ្លាក់​ចំ​អគារ​លំនៅឋាន​មួយកន្លែង៕

 

អត្ថបទដែលជាប់ទាក់ទង