ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី បាញ់កម្ទេចយន្ដហោះដ្រូនប្រយុទ្ធ ៣គ្រឿង ដែលប៉ុនប៉ងវាយប្រហារលើទីក្រុងមូស្គូ

55

មូស្គូ៖ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ទម្លាក់យន្ដហោះដ្រូនប្រយុទ្ធ ៣គ្រឿង ដែលព្យាយាមវាយប្រហារលើទីក្រុងមូស្គូ ដែលនេះជាការវាយឆ្មក់ លើកចុងក្រោយបំផុតមួយលើរដ្ឋធានីរបស់រុស្ស៉ីដោយយន្ដហោះដ្រូនដែលអាជ្ញាធរមូស្គូ ចោទថាជាស្នាដៃរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាយន្ដហោះដ្រូនមួយគ្រឿងត្រូវបានប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់នៅក្បែរអគារមួយ ចំកណ្ដាលទីក្រុងមូស្គូ នៅព្រឹកថ្ងៃពុធនេះ។ ចំណែក យន្ដហោះដ្រូន ២គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅខាងក្រៅទីក្រុងមូស្គូ។ ចៅហ្វាយក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) ក៏បានបញ្ជាក់លើសារបង្ហោះលើ Telegram ដែរថាយន្តហោះដ្រូនមួយគ្រឿងដែលត្រូវបានបាញ់ទម្លាក់បានធ្លាក់ចំអគារមួយកំពុងស្ថិត ក្រោមការសាងសង់ចំកណ្ដាលទីក្រុងមូស្គូ។ តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ។

គួរបញ្ជាក់ថា​ ខណៈកងកម្លាំងអ៊ុយក្រែន កំពុងធ្វើប្រតិបត្តិការវាយបកបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន ការវាយប្រហារដោយយន្ដហោះដ្រូនក្នុង ទឹកដីរុស្ស៉ី ជាពិសេសលើទីក្រុងមូស្គូ បានកើតឡើងជាញឹកញាប់។ រុស្ស៉ីបានចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកពីក្រោយការវាយប្រហារយន្ដហោះដ្រូនទាំងនេះ រីឯទីក្រុងកៀវមិនដែលបានទទួលស្គាល់ជាផ្លូវការនោះទេ។ ប៉ុន្តែ កាលពីខែកក្កដាកន្លងទៅ លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន កំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង