ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែទាហានស៊ីឈ្នួល Wagner លោក Prigozhin ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ

63

មូស្គូ៖ ក្រុមមន្ត្រីរុស្ស៉ី បាននិយាយថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានជិះនៅលើយន្ដហោះឯកជន មួយគ្រឿងដែលបានធ្លាក់ នៅភាគខាងជើងទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលបណ្ដាលឱ្យមនុស្សជិះលើយន្ដហោះ នេះស្លាប់ទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

ក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៉ី បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះជាអ្នកដំណើរទាំង៧នាក់ ក្នុងនោះរួមមានទាំងលោក Prigozhin និងមេបញ្ជាការទាហានស៊ីឈ្នួលរុស្ស៉ី Wagner ម្នាក់ទៀត គឺលោក Dmitry Utkin ព្រមទាំងសមាជិកអាកាសយានិក ៣នាក់ ដែលត្រូវបានទទួល ស្គាល់ថាបានស្លាប់ទាំងអស់។ «មានមនុស្ស១០នាក់បានជិះនៅលើយន្តហោះមួយគ្រឿង ក្នុងនោះរួមមានសមាជិកអាកាសយាននិក៣នាក់ ហើយ បើតាមព័ត៌មានបឋម គ្មានមនុស្សណាម្នាក់នៅលើយន្ដហោះដែលនៅរស់រានមាន ជីវិតនោះទេ»។ នេះជាការបញ្ជាក់របស់ក្រសួងសម្រាប់ស្ថានការណ៍ អាសន្នរបស់រុស្ស៉ី។

គួរបញ្ជាក់ថា បើតាមក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី យន្ដហោះឯកជន Embraer Legacy ខាងលើបានធ្វើដំណើរចាកចេញពី ទីក្រុងមូស្គូ ទៅកាន់ទីក្រុង Saint Petersburg ហើយបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver ស្ថិតនៅប្រហែល៣០០គីឡូម៉ែត្រពី ភាគខាងជើងរដ្ឋធានីមូស្គូ។ ភ្លាមៗមិនទាន់មានការ បញ្ជាក់មូលហេតុនៃការធ្លាក់យន្ដហោះនេះនៅឡើយទេ ប៉ុន្តែហេតុការណ៍ធ្លាក់យន្ដហោះនេះដែរ កើតមានឡើងតែជាង២ខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ដឹកនាំការ បះបោររយៈពេលខ្លីមួយប្រឆាំងនឹងមេដឹកនាំយោធារុស្ស៉ី កាលពីខែមិថុនាកន្លងទៅ។

* ធ្លាប់ជាអ្នកលក់ Hot Dog

លោក ព្រីហ្គោហ្ស៉ីន មានអាយុ ៦២ឆ្នាំ បានចាប់ផ្ដើមមានជម្លោះជាមួយក្រសួងការពារជាតិរុស្ស៉ី ក្រោយទាហានរុស្ស៉ីបរាជ័យជាបន្តបន្ទាប់ ក្នុងសង្រ្គាមនៅ អ៊ុយក្រែន កាលពីឆ្នាំ២០២២។ ជម្លោះនេះបានបន្តមកដល់ឆ្នាំ២០២៣ ដោយលោក ព្រីហ្គោហ្ស៉ីន កាន់តែដំឡើងសំឡេងដាក់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ និងនាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) ហើយទាមទារឱ្យ វិមានក្រឹមឡាំង បណ្ដេញអ្នកទាំង២រូបនេះចេញពីតំណែង។ រហូតដល់ខែមិថុនាកន្លងទៅនេះ ទើបជម្លោះនេះផ្ទុះទៅជាការបះបោរចង់ទម្លាក់លោក សយហ្គូ ចេញពីតំណែង ក្រោយលោក ព្រីហ្គោហ្ស៉ីន រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីរូបនេះ បញ្ជាឱ្យបើកការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោក ក្នុងប្រទេសអ៊ុយក្រែន។

លោក ព្រីហ្គោហ្ស៉ីន ដែលត្រូវបានគេស្គាល់ថាធ្លាប់ជាអ្នកលក់ hotdog ម្នាក់ និងមានស្រុកកំណើតរួមគ្នាជាមួយលោក ពូទីន មកពីទីក្រុងសាំង ភីតធើស្បឺគ។ លោកធ្លាប់ជាប់ពន្ធនាគារជិតមួយទសវត្សរ៍ អំឡុងសម័យសូវៀត ហើយលោកផ្ទាល់ក៏ធ្លាប់បដិសេធជាច្រើនឆ្នាំថាមិនមានជាប់ពាក់ព័ទ្ធនឹងទាហានស៊ីឈ្នួល Wagner ឡើយ។ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ទើបលោកសារភាពទទួលស្គាល់ថាលោកជាអ្នកបង្កើតទាហានស៊ីឈ្នួលនេះឡើង ហើយបានបើក ទីស្នាក់ការកណ្ដាលរបស់ Wagner ក្នុងទីក្រុងសាំងភីតធើស្បឺគ។ នៅមុនលោក ពូទីន បញ្ជាកងទ័ពចូលឈ្លានពានអ៊ុយក្រែន លោក ព្រីហ្គោហ្ស៉ីន បានបញ្ជូន កងកម្លាំងរបស់លោកទៅចូលរួមក្នុងជម្លោះនៅមជ្ឈិមបូព៌ា និងអាហ្រ្វិក។

* ចុងភៅរបស់លោក ពូទីន

លោក ព្រីហ្គោហ្ស៉ីន បានចំណាយពេលជាប់ពន្ធនាគារ ៩ឆ្នាំ អំឡុងសម័យសូវៀត បន្ទាប់ពីត្រូវបានផ្ដន្ទាទោសពីបទក្លែងបន្លំ និងលួច។ អំឡុងទសវត្សរ៍ ឆ្នាំ១៩៩០ លោកបើកដំណើរការក្រុមហ៊ុនលក់អាហារ ឬ fast-food company ដោយជោគជ័យ រហូតដល់អាចបើកភោជនីយដ្ឋានដ៏ប្រណិត មួយក្នុង ទីក្រុងសាំង ភីតធើស្បឺគ។ ភ្ញៀវដែលចូលទទួលទានអាហារក្នុងហាងរបស់លោក ក្នុងនោះក៏រួមមានលោក ពូទីនផងដែរ។ ក្រោយមកក្រុមហ៊ុននេះបាន បម្រើសេវាឱ្យវិមានក្រឹមឡាំង ដែលនេះបានធ្វើឱ្យលោក ព្រីហ្គោហ្ស៉ីនក្លាយជាមនុស្សម្នាក់អាចចូលទៅក្បែរលោក ពូទីន ដោយមានរហ័ស្សនាមថា «ចុងភៅ» របស់លោក ពូទីន។

* ជាមហាសេដ្ឋីម្នាក់

លោក ព្រីហ្គោហ្ស៉ីន ត្រូវបានគេចាត់ទុកថាជា «មហាសេដ្ឋីម្នាក់» ដោយទ្រព្យសម្បត្តិមួយផ្នែកធំរបស់លោក ទទួលបានពីគម្រោងពីរដ្ឋាភិបាលរុស្ស៉ី ទោះបីជាគេមិនបានដឹងទំហំទ្រព្យសម្បត្តិរបស់លោកក៏ដោយ។ លោក ព្រីហ្គោហ្ស៉ីន ផ្ដើមមានកេរ្តិ៍ឈ្មោះនៅរុស្ស៉ី ក្រោយពេលរូបថតមួយសន្លឹករបស់លោក រៀបចំម្ហូបអាហារឱ្យលោក ពូទីន នៅឯវិមានក្រឹមឡាំងក្នុងឆ្នាំ២០១១។ ក្រុមបណ្ដាប្រទេសលោកខាងលិច បានចោទប្រកាន់ក្រុមទាហានស៊ីឈ្នួល របស់លោក ព្រីហ្គោហ្ស៉ីន ថាបានជួយដល់របបយោធាក្នុងប្រទេសម៉ាលី ដែលនេះជាកត្តាមួយជំរុញឱ្យបារាំងសម្រេចចិត្តបិទបញ្ចប់ ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសម៉ាលី។

គួរបញ្ជាក់ថា ក្រុមទាហានស៊ីឈ្នួល Wagner របស់លោក ព្រីហ្គោហ្ស៉ីន ត្រូវបានគេរាយការណ៍ថាបានធ្វើសកម្មភាពជាលើកដំបូងបំបផុត ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ភ្លាមៗក្រោយជម្លោះផ្ទុះឡើងនៅទីនោះក្នុងខែមេសា ឆ្នាំ២០១៤ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីមូស្គូបញ្ចូល តំបន់គ្រីមៀជាដែនដីរុស្ស៉ី។ ទាហានស៊ីឈ្នួលរុស្ស៉ីមួយនេះក៏កំពុងធ្វើសកម្មភាពក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង