ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី កាចា កាឡាស ប្រឈមមុខនឹងសម្ពាធនៃការទាមទារឱ្យលាលែងចេញពីតំណែង ដោយសារតែស្វាមីមានទំនាក់ទំនងជាមួយរុស្ស៉ី

84

វីលនីញូស៖ នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី កាចា កាឡាស (Kaja Kallas) បានប្រឈមមុខនឹងសម្ពាធនៃការទាមទារឱ្យលាលែងចេញពីតំណែង នៅថ្ងៃសុក្រ ទី២៥ ខែសីហានេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាស្វាមីរបស់លោកស្រីមានភាគហ៊ុនជាម្ចាស់កម្មសិទ្ធិក្រុមហ៊ុនមួយដែលនៅតែបន្តរកស៊ី ក្នុងប្រទេសរុស្ស៉ី ចាប់តាំងពីទីក្រុងមូស្គូបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាសែតធំៗចំនួន២ ក្នុងប្រទេសអេស្ដូនី បានអំពាវនាវឱ្យលោកស្រី កាឡាស លាលែងចេញពីតំណែង ខណៈការស្ទង់មតិចំនួន២ បានរកឃើញថាភាគច្រើន នៃអាចដែលបានចូលរួមក្នុងការស្ទង់មតិ បានបញ្ចេញយោបល់ថាលោកស្រីគួរតែចុះចេញពីតំណែង។ ប៉ុន្តែ លោកស្រី កាឡាសផ្ទាល់បាននិយាយថាលោកស្រី មិនជឿឡើយថាក្រុមហ៊ុនរបស់ស្វាមីលោកស្រី ប្រព្រឹត្តកំហុសណាមួយ ស្របពេលការអះអាងរបស់ស្វាមីលោកស្រីថានឹងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុង ក្រុមហ៊ុននោះ នៅតែស្ថិតនៅជាមន្ទិលសង្ស័យ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេស្ដូនី ERR បានរាយការណ៍ថាក្រុមហ៊ុនអេស្ដូនី Stark Logistics ដែលស្វាមីលោកស្រីកាឡាស គឺលោក អាវ៉ូ ហាល់លីគ (Arvo Hallik) មានភាគហ៊ុន ២៥ភាគរយជាម្ចាស់កម្មសិទ្ធិដោយប្រយោល នៅតែបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសរុស្ស៉ី ខណៈលោកស្រី កាឡាសផ្ទាល់ជាមនុស្សម្នាក់ដែលតែងតែជំរុញឱ្យក្រុមហ៊ុនអឺរ៉ុបទាំងអស់កាត់ផ្ដាច់ទំនាក់ទំនងជាមួយរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង