ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានមួយរបស់រុស្ស៉ី ស្ថិតនៅក្បែរព្រំដែនអេស្ដូនី រងការវាយប្រហារដោយយន្ដហោះដ្រូន

81

មូស្គូ៖ អភិបាលតំបន់ម្នាក់ នៅក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែសីហានេះថា អាកាសយានដា្ឋនមួយរបស់រុស្ស៉ីស្ថិតនៅក្បែរតំបន់ ព្រំដែនជាមួយប្រទេសអេស្ដូនី បានរងការវាយប្រហារដោយយន្ដហោះដ្រូន ខណៈមានសេចក្ដីរាយការណ៍ថាយន្ដហោះមួយចំនួនរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អភិបាលតំបន់ លោក មីកាអែល វេដឺនីកូ (Mikhail Vederniko) ដែលបានអះអាងថាលោកផ្ទាល់បានស្ថិតនៅកន្លែងកើតហេតុ បានបង្ហោះវីដេអូ មួយលើបណ្ដាញ Telegram ពីភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ អមជាមួយសំឡេងផ្ទុះ និងស៊ីរ៉ែន។ លោកបន្ថែមទៀតថាយោធារុស្ស៉ីបានវាយទប់ទល់ នឹងការវាយប្រហារដោយយន្ដហោះដ្រូន នៅឯអាកាសយានដ្ឋានស្កូវ (Pskov) ហើយអាជ្ញាធរកំពុងវាយតម្លៃពីការខូចខាត តែមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានស្កូវ (Pskov) ស្ថិតនៅក្នុងទីក្រុង ស្កូវ (Pskov) មានចម្ងាយ៨០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន និងស្ថិតនៅក្បែរ ព្រំដែនជាមួយប្រទេសឡេតូនី និងអេស្ដូនី។ ភ្លាមៗ ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ តែទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីផ្នែកសេវាសង្រ្គោះបន្ទាន់ បានឱ្យដឹងថាយន្ដហោះដឹកជញ្ជូនធុនធ្ងន់ ៤គ្រឿងបានរងការខូចខាត៕

អត្ថបទដែលជាប់ទាក់ទង