ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក អនុម័តជំនួយយោធាសម្រាប់តៃវ៉ាន់ ក្រោមកម្មវិធីដែលប្រើសម្រាប់ «រដ្ឋអធិបតេយ្យ»

64

វ៉ាស៊ីនតោន៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអនុម័តលើការផ្ទេរបរិក្ខារយោធាជាលើកដំបូងបំផុតមិនធ្លាប់មាន សម្រាប់តៃវ៉ាន់ នៅក្រោមកម្មវិធីមួយដែលជាធម្មតាត្រូវបានប្រើសម្រាប់ប្រទេស ឬរដ្ឋអធិបតេយ្យមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

កញ្ចប់ជំនួយយោធាខាងលើដែលជាផ្នែកមួយនៃកម្មវិធី Foreign Military Financing ឬ FMF របស់ក្រសួងការបរទេសអាមេរិក គឺមានទំហំទឹកប្រាក់ សរុប ៨០លានដុល្លារ។ ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់នៅក្នុងលិខិតជូនដំណឹងមួយទៅកាន់សភាជាតិទាំង២ ដូច្នេះថា « FMF នឹងត្រូវបាន ប្រើ ដើម្បីពង្រឹងសមត្ថភាពស្វ័យការការពារខ្លួនរបស់តៃវ៉ាន់ តាមរយៈការពង្រឹងសមត្ថភាពទាំងការខាងការពារជាតិ និងចំណេះដឹងលើដែនសមុទ្រ ក៏ដូចជាសមត្ថភាពការពារសន្តិសុខដែនសមុទ្រ»

ប៉ុន្តែ ក្រសួងការបរទេសអាមេរិក ក៏បានអះអាងដែរថាការផ្ទេរបរិក្ខារយោធា នៅក្រោមកម្មវិធី FMF មិនមែនឆ្លុះបញ្ចំាងពីការប្រែប្រួលនៅក្នុង គោលនយោបាយស្ដីពីឋានៈរបស់កោះតៃវ៉ាន់នោះទេ ដោយចង់សំដៅលើគោលនយោបាយចិនតែមួយ។ ចំណែកខាងក្រសួងការពារជាតិតៃវ៉ាន់ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកផងដែរ តែមិនបានធ្វើអត្ថាធិប្បាយលម្អិតអ្វីលើជំនួយយោធាអាមេរិកនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កន្លងមកបានលក់អាវុធឱ្យកោះតៃវ៉ាន់ តាមរយៈកម្មវិធីមួយមានឈ្មោះថា Foreign Military Sales។ ចិនជារឿយៗ តែងតែ ប្រឆាំងជំទាស់ និងធ្វើសកម្មភាពយោធានៅជុំវិញតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យតៃវ៉ាន់ដែលទីក្រុងប៉េកាំង ចាត់ទុកថាត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង