ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Nguyen Phu Trong ស្បថឡើង​កាន់តំណែងជាប្រធានាធិបតីថ្មី​របស់​វៀតណាម

187

(ហាណូយ)៖ អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានស្បថឡើង​​កាន់តំណែង​ជាប្រធានាធិបតីថ្មី របស់ប្រទេស​វៀតណាម​ ក្រោយពី​លោក ត្រាន ដៃហ្គ័ង (Tran Dai Quang) ប្រធានាធិបតីទទួលមរណភាព​ កាលពីថ្ងៃទី២១ ខែកញ្ញា។

សារព័ត៌មានចិន CGTN នាល្ងាច​ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨ បានផ្សាយថា
លោក Trong កើត​នៅឆ្នាំ១៩៤៤ បានបញ្ចប់​​ថ្នាក់សិក្សា PhD ក្នុងមុខជំនាញ​នយោបាយ និងការកសាងបក្ស ហើយលោកបាន​ក្លាយ​ជាសមាជិកការិយាល័យ​​​នយោបាយ របស់គណកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម ចាប់តាំងពី​ឆ្នាំ១៩៩៧ មកម្ល៉េះ។ បន្ថែម​ពីនេះលោក​​ក៏ធ្លាប់បានកាន់តំណែង​​ជាប្រធានរដ្ឋសភា​វៀតណាម ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ផងដែរ។ បន្ទាប់មកលោកក៏បាន​​ឈានទៅកាន់តំណែង​ ជា​អគ្គលេខាធិការបក្ស នៅឆ្នាំ២០១១ និងជាប់បន្ត​​ទៅអាណត្តិទី ២ ទៀតនៅឆ្នាំ២០១៦។
គួរបញ្ជាក់ថា ពីរថ្ងៃក្រោយ​ប្រធានាធិបតីមុនគឺលោក Tran Dai Quang ទទួលមរណភាព លោកស្រី​អនុប្រធានាធិបតី ដាង ធី ង៉ុក ទិញ (Dang Thi Ngoc Tinh) បានឡើង​ជាប្រធានាធិបតី​ស្តីទី ហើយបានកាន់តួនាទី​ដ៏សំខាន់នេះ បន្តរហូតដល់ប្រធានាធិបតីថ្មី​ត្រូវតែងតាំង​​ជាផ្លូវការ​ដូចនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នេះតែម្តង ក្រោម​សំឡេងគាំទ្រ ៩៩,៨ភាគរយ នៅក្នុង​សភាជាតិ ហើយលោក Nguyen Phu Trong នៅតែ​បន្ត​កាន់​តំណែងជា​អគ្គលេខាធិការបក្សដដែល ដោយការកាន់តំណែងធំៗពីរក្នុង​ពេលតែមួយ​បែបនេះ គឺជារឿងមិនធ្លាប់មាននោះឡើយ គិតចាប់តាំង​ពីសម័យកាលដឹកនាំរបស់លោក ហូ ជីមិញ។

អត្ថបទដែលជាប់ទាក់ទង