ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន ចេញសេចក្ដីណែនាំពី «រលកស៊ូណាមិ» សម្រាប់តំបន់ឆ្នេរ

106

តូក្យូ៖ ជប៉ុន បានចេញសេចក្ដីណែនាំពី នៅតាមតំបន់មួយចំនួនស្ថិតនៅតាមបណ្ដោយឆ្នេរនៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះ បន្ទាប់ពីមាន គ្រោះរញ្ជួយដីតូចៗកើតឡើងជាបន្តបន្ទាប់ នៅកោះអ៉ីហ្សុ (Izu) ក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមការឱ្យដឹងពីអាជ្ញាធរឧតុនិយមជប៉ុន រលកស៊ូណាមិ មានកម្ពស់ ៦០សង់ទីម៉ែត្រ បានវាយប្រហារលើកោះហាឈីចូជីម៉ា (Hachijojima) ដែលស្ថិតនៅចម្ងាយ ២៨០គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងតូក្យូ ខណៈរលកកម្ពស់ ៤០សង់ទីម៉ែត្រ ត្រូវបានកត់ត្រានៅខេត្ត កូឈី (Kochi) នៃភាគខាងលិច និងកម្ពស់ ២០សង់ទីម៉ែត្រ នៅខេត្តមីយ៉ាងហ្សាគី (Miyazaki) នៃភាគខាងត្បូងប្រទេសជប៉ុន។ ភា្លមៗមិនមានសេចក្ដីរាយការណ៍ពីការខូចខាតនៅឡើយទេ ប៉ុន្តែ អាជ្ញាធរក្នុងទីក្រុងតាតេយ៉ាម៉ា (Tateyama) នៃខេត្តឈិបា (Chiba) បានជំរុញឱ្យប្រជាជនរស់នៅតាមបណ្ដោយឆ្នេរជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព ក្រោយការចេញសេចក្ដីណែនាំ ពីរលកស៊ូណាមិ។

គួរបញ្ជាក់ថា ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានរាយការណ៍ពីការរញ្ជួយដីតូចៗជាបន្តបន្ទាប់ នៅកោះអ៉ីហ្សុ (Izu) ដោយក្នុងនោះរញ្ជួយដីខ្លាំងបំផុតមានកម្រិត ៥.៤រ៉ិចទ័រ ត្រូវបានកត់ត្រានៅម៉ោង ៥៖១៧នាទីព្រឹកថ្ងៃចន្ទនេះ និងស្ថិតនៅចម្ងាយ ៥៥១គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង Shimoda។ ការចេញសេចក្ដីណែនាំ ចុងក្រោយ ត្រូវបានចេញផ្សាយក្រោយជប៉ុនសង្កេតឃើញរលកស៊ូណាមិមានកម្ពស់ ១ម៉ែត្រ នៅក្បែរកោះ Izu បន្ទាប់ពីមានគ្រោះរញ្ជួយដី៦.៥រ៉ិចទ័រ កាលពីសប្ដាហ៍មុន៕

អត្ថបទដែលជាប់ទាក់ទង