ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់រូបគម្រូខ្លោងរបារកាត់ទទឹងផ្លូវ៥ជម្រើស ​ឲ្យអ្នកលេង Facebook បោះឆ្នោត ​ដើម្បីយកដាក់តាំងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក

108


ភ្នំពេញ៖នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះសាលារាជធានីភ្នំពេញ
បានដាក់បង្ហាញនូវរូបគម្រូខ្លោងរបារកាត់ទទឹងផ្លូវចំនួន៥ជម្រើស ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ធ្វើការបោះឆ្នោតគាំទ្រ ដើម្បីយកដាក់តាំងបង្ហាញនៅតាមផ្លូវសាធារណចំនួន៤គោលដៅ សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨ ខាងមុខនេះ។

តាមរយៈទំព័រ Facebook ផ្លូវការរបស់សាលារាជធានីភ្នំពេញ ដែលមានឈ្មោះថា «រដ្ឋបាលរាជធានីភ្នំពេញ» បានបញ្ជាក់ថា រូបគំរូចំនួន៥សន្លឹកនេះ ​គឺជាស្នាដៃរបស់បេក្ខជន ដែលបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន​៤៥រូបភាព ដែលមានបេក្ខជនចំនួន​២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ រូបទាំង៥ដែលដាក់ឲ្យបោះឆ្នោតនេះ សុទ្ធតែមានអត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេស នៃការសាងសង់ និងការរចនាភ្លើងឲ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង​៥នេះតែម្ដង ហើយរូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន​៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។

ការបោះឆ្នោតជ្រើសរើសការគាំទ្រនេះ នឹងត្រូវបញ្ចប់នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដូច្នេះសូមអ្នកប្រើប្រាស់ Facebook ចូលរួមបោះឆ្នោតទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង