ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហង់ ជួនណារ៉ុន ចូលរួមអបអរ​សាទរខួប​ ៣០ឆ្នាំ នៃ​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅកម្ពុជា

61

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាធិបតី ក្នុងពិធីអបអរ​សាទរខួប​ ៣០ឆ្នាំ នៃ​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅកម្ពុជា។ ពិធីនេះធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពី​ឯកឧត្តម ដាធុក អែលឌីន ហ៊ូសេនី ម៉ដ ហាហ្ស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា​ លោកឧកញ៉ា តាន់ ឃីម៉េង (KM Tan) ប្រធាន​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ីកម្ពុជា (MBCC)​ និង​ក្រុមប្រឹក្សា សមាជិកសភាពាណិជ្ជកម្ម​ម៉ាឡេស៊ីនៅកម្ពុជា​ផងដែរ​។​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងពីតួនាទី​យ៉ាងសំខាន់របស់​សភាពាណិជ្ជកម្ម​ម៉ាឡេស៊ីនៅកម្ពុជា MBCC ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាងម៉ាឡេស៊ី និង​កម្ពុជា ក៏ដូចជាលើកកម្ពស់ឱកាសអាជីវកម្ម សម្របសម្រួលការវិនិយោគ និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិទាំងពីរ​ ក្នុង​រយៈពេល​ប្រមាណ​បីទសវត្សរ៍កន្លងមក។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ឧបនាយក​រដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតរីករាយចំពោះដំណឹងដែល សភាពាណិជ្ជកម្ម​ម៉ាឡេស៊ីនៅកម្ពុជា នឹងដាក់ឱ្យដំណើរការមូលនិធិអប់រំ និងសុខភាពនៅឆ្នាំ២០២៤ ដើម្បីជួយដល់​ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យតាមរយៈបណ្ណាល័យចល័ត និងគ្លីនិក។

សូមជម្រាបជូនថា ម៉ាឡេស៊ី និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីម៉ាឡេស៊ី-កម្ពុជា (FTA) ដែលជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីសម្រួលពាណិជ្ជកម្ម និង បន្តដកចេញរបាំងពាណិជ្ជកម្ម នៅឆ្នាំ ២០២១ ដែល​ចាប់​ពី ពេលនោះមក​ពាណិជ្ជកម្មរវាងប្រទេសទាំងពីមានកំណើនឥតឈប់ឈរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាបាននិងកំពុងខិតខំពង្រឹងសមត្ថភាពនាំចេញ និងការវិនិយោគរក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រដល់អ្នកនាំចេញ គឺជាជំហានវិជ្ជមានក្នុងការពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍន៍ពាណិជ្ជកម្ម ដើម្បីជួយពង្រីក និងការកសាងសមត្ថភាព រួមទាំងជំនាញវិជ្ជាជីវៈ និងការអប់រំ ឈាន​ឆ្ពោះទៅសម្រេចចក្ខុវិស័យ​ជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​មានចំណូលខ្ពស់នៅឆ្នាំ២០៥០ តបតាម​អនុសាសន៍​របស់​សម្តេ​ច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា។​
ឯកឧត្តមបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​ទទួលស្គាល់ និងថ្លែងអំណរគុណចំពោះ​ការរួមចំណែក​ ជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា ពីសំណាក់​​សមាជិក MBCC ទាំងអស់​។ ​
ឯកឧត្តមបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រីក៏ចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត រវាងប្រទេស និងប្រជាជនម៉ាឡេស៊ី-កម្ពុជា ឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង