ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមហែម វណ្ណឌី បានជំរុញឱ្យក្រុមហ៊ុនHuawei សហការជាមួយក្រសួងឧស្សាហកម្ម វបន ដើម្បីលើកម្ពស់ការអនុវត្តទិន្នន័យបើកចំហ

72

 

ភ្នំពេញ៖ ឯកឧត្តមហែម វណ្ណឌី បានលើកទឹកចិត្តឱ្យ Huawei អភិវឌ្ឍវិស័យរថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ដោយស្នើឱ្យមានការសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើតស្តង់ដារកម្ពុជាសម្រាប់រថយន្តអគ្គិសនី។
ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូពីក្រុមហ៊ុន Huawei នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ និងបានពិភាក្សាពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមបានកោតសរសើរដល់ការរួមចំណែករបស់ Huawei ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាការអភិវឌ្ឍធនធានមនុស្ស ការជំរុញការចាប់យកបច្ចេកវិទ្យាដោយសហគ្រាសធុនតូច និងមធ្យម និងការលើក កម្ពស់ជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាជាដើម។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃសេវាកម្មសាធារណៈ របស់ខ្លួន។

ដោយលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងគ្រប់វិស័យ ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការកៀរគរយុវជនកម្ពុជាឱ្យចាប់យកអាជីពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដោយក្នុងនោះ Huawei អាចដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាក្នុងចំណោមសហគ្រាសទាំងនេះ។

លោក យ៉ៅ សុវណ្ណ ប្រធានភូមិភាគតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានជម្រាបជូនពីលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើររបស់ក្រុមហ៊ុន ជាមួយនឹងប្រាក់ចំណូលជាង១០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។ លោកបានបញ្ចាក់ថា ក្រៅពីឧបករណ៍ឆ្លាតវៃ Huawei មានផលប័ត្រអាជីវកម្មជាច្រើន រួមទាំងដំណោះស្រាយសហគ្រាស សេវា Cloud ដំណោះស្រាយថាមពលបៃតង និងរថយន្តអគ្គិសនីជាដើម។ លោកបានស្នើបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងឧស្សាហកម្ម និងគ្រោងចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខ ដើម្បីបង្ហាញពីដំណោះស្រាយបច្ចេកវិទ្យាថ្មីៗរបស់ Huawei ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងនូវគំនិតផ្តួចផ្តើមរួមគ្នាមួយចំនួន ដូចជាការបង្កើតកម្មវិធីពានរង្វាន់បច្ចេកវិទ្យា Huawei ដែលស្រដៀងនឹងពានរង្វាន់សហគ្រិនខ្មែរ ដើម្បីជំរុញការចាប់យកដំណោះស្រាយបច្ចេកវិទ្យា ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងលើកកម្ពស់ការអនុវត្តឧស្សាហកម្មបៃតង។

ឯកឧត្តមបានលើកទឹកចិត្តឱ្យ Huawei អភិវឌ្ឍវិស័យរថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ដោយស្នើឱ្យមានការសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើតស្តង់ដារកម្ពុជាសម្រាប់រថយន្តអគ្គិសនី។ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនសហការជាមួយក្រសួងឧស្សាហកម្ម វបន ដើម្បីលើកម្ពស់ការអនុវត្តទិន្នន័យបើកចំហ ដោយបញ្ជាក់ថា ការចែករំលែកទិន្នន័យ (Big Data) គឺជាកត្តាសំខាន់សម្រាប់ប្រសិទ្ធភាពនៃសេដ្ឋកិច្ចកម្ពុជា។

ក្រុមហ៊ុន Huawei ប្តេជ្ញាសហការជាមួយក្រសួងឧស្សាហកម្ម វបន និងបន្តនាំយកបច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗបំផុតមកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង