ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនលោកជំទាវ​ លី​ អ៊ុំអេង​ , លោកស្រី ហ៊ុន ស៊ីណាត ស្នើមិត្តរួម Facebook តាមដានមើល ក្រែងមានជើងកាងមកធានាខ្លួន

137


ភ្នំពេញ៖ លោកជំទាវ​ លី​ អ៊ុំអេង​ ​ចេញសែក​គ្មាន​សាច់​ប្រាក់​ជាង​៣លានដុល្លារ​អាមេរិក​ ត្រូវ​ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះ​អាសន្ន​ កាលពីរសៀលថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរង់ចាំមានសេចក្តីសម្រេចផ្សេង។

ជាមួយករណីនេះ លោកស្រី ហ៊ុន ស៊ីណាត បានថ្លែងថា “សូមមិត្តរួម Facebook ទាំងអស់គ្នា រង់ចាំមើលថាតើថៅកែជើងខ្លាំងខាងរំលោភដីធ្លី របស់ខេត្តសៀមរាបម្នាក់នេះ ឃុំខ្លួនបានប៉ុន្មានថ្ងៃ ? មិនខ្លាចបាបទេ នៅលើទឹកដីអង្គរ ហើយនៅប្រព្រឹត្តអាក្រក់ទៀត ។ សូមបងប្អូនកូនក្មួយ នៅខេត្តសៀមរាប ជួយមើលផង ក្រែងមានជើងកាងមកធានាខ្លួនជំទាវចេញ”។

លោកជំទាវ លី អ៊ុំអេង ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ប៉ោ វណ្ណនិត បានថ្លែងប្រាប់ថា ក្រោយចាប់ខ្លួន សមត្ថកិច្ចបាន បញ្ជូនលោកជំទាវលី អ៊ុំអេង ទៅរាជធានីភ្នំពេញ។ សូមរំលឹកថា លោកស្រី លី អ៊ុំអេង គឺជាបុគ្គលម្នាក់ នៅខេត្តសៀមរាប ដែលល្បីល្បាញ រឿងអាស្រូវរំលោភ យកដីប្រជាពលរដ្ឋ និងដីរដ្ឋ មិនញញើតនឹងផ្លូវច្បាប់។

មុនពេលចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ចំពោះករណីនេះគឺលោកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។

ប្រជាពលរដ្ឋចំនួន៩គ្រួសារ បានចោទលោកជំទាវ លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតារ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើការអំពាវនាវឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍រកយុត្តិធម៌ដល់ពួកគាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង