ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រហែលឃ្លានផឹកខ្លាំងពេកបុរស២នាក់ លួចស្រាវបៀរ ត្រូវអាវុធហត្ថក្រុងសិរីសោភ័ណ តាមឃាត់ខ្លួន

35

 

ខេត្ដបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីលួចស្រាបៀរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង២នាក់នេះ៖ ១.ឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង២. ឈ្មោះ ហ៉ិន លីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួច ស្រាបៀរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៧ ខែមីនា និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ករណីនេះ ធ្វើឡើងតាមពាក្យបណ្តឹង របស់ជនរងគ្រោះចំនួន២នាក់៖ ១.ឈ្មោះ វិត សីហា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, និងទី២. ឈ្មោះ ខន សុរដ្ឋណែត ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ ចាប់យកវត្ថុតាងរួមមាន៖ រថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ2AK-9342 ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, ស្រាបៀរ ABC ចំនួន០៣កេស, ស្រាបៀរហ្គេនស្បឺក ចំនួន១កេស (ប្រគល់ឲ្យជនរងគ្រោះវិញ), ទូរស័ព្ទម៉ាក TECNOSPARK ចំនួន១គ្រឿង, និងម្សៅក្រាមពណ៌សថ្លាចំនួន១កូនថង់កិប។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឲ្យដឹងថា ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា នៅវេលាម៉ោង១៤៖៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានជនសង្ស័យ២នាក់ បានប្រើល្បិច ដោយចូលទៅកម្មង់ទិញស្រាបៀរពីជនរងគ្រោះ ជាច្រើនកេស ហើយជនរងគ្រោះលើកស្រាបៀរដាក់លើរថយន្តរួច ស្រាប់តែជនសង្ស័យបើករថយន្តគេចខ្លួនតែម្តង។

លោកវរសេនីយត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកស្រាបៀរដោយ មិនបានឲ្យបា្រក់ពិតប្រាកដមែន ហើយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ពួកខ្លួនក៏បានប្រើល្បិចទិញស្រាបៀរអ្នកភូមិចំនួន៨កេស ហើយបានជិះរថយន្តគេចខ្លួនម្ដងដែរ៕

អត្ថបទដែលជាប់ទាក់ទង