ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឧកញ៉ា គួច ម៉េងលី ស្នើស៊ើបអង្កេតលើក្រុមហ៊ុន CIC រឿងលុយរាប់សិបលានដុល្លារ

23

 

ភ្នំពេញ៖ អ្នកឧកញ៉ា គួច ម៉េងលី បានចេញមុខទាមទារឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន CIC Plc ដែលរងការចោទប្រកាន់ថា ក្លែងបន្លំប្រាក់វិនិយោគរួមគ្នារាប់សិបលានដុល្លារនៅពេលកន្លងមកនេះ។ បើតាមអ្នកឧកញ៉ារូបនេះ គឺមានគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំរបស់ក្រុមហ៊ុននេះ។

ប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច ជាស្ថាប័នផ្ដល់សេវាអប់រំមួយនៅកម្ពុជា គឺអ្នកឧកញ៉ា គួច ម៉េងលី ដែលបាន ចំណាយទុនជិត៣០ម៉ឺនដុល្លារ វិនិយោគក្នុងក្រុមហ៊ុន ស៊ីអាយស៊ី ភីអិលស៊ី (CIC Plc លើកឡើងថា អ្នករងគ្រោះគ្រប់គ្នា ត្រូវបន្តតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាពនិងយុត្តិធម៌។

អ្នកឧកញ៉ា គួច ម៉េងលី បានសរសេរនៅលើហ្វេសប៊ុករបស់លោកឈ្មោះជា ភាសាអង់គ្លេស Mengly J. Quach នៅថ្ងៃទី២៣ ខែមីនា ដោយផ្ញើជូនអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអ្នករងផលប៉ះពាល់ ដោយសារក្រុមហ៊ុន ស៊ីអាយស៊ី ភីអិលស៊ី (CIC Plc)។

“ជូនចំពោះអ្នកពាក់ព័ន្ធទាំងអស់ (អ្នករងផលប៉ះពាល់ដោយសារក្រុមហ៊ុន CIC Plc)

មូលនិធិត្រូវតែប្រមូលសងមកវិញ។ ករណីនេះត្រូវតែមានការស៊ើបអង្កេត! ប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះ។

ករណីនេះមិនគួរមើលរំលងជាដាច់ខាត ហើយយើងត្រូវតែធ្វើអ្វីមួយ។ សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរ។ ប្រាក់ពិបាករកខ្លាំងណាស់ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមក កាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ!

យើងគ្រប់គ្នាត្រូវបន្តតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាពនិងយុត្តិធម៌។ លទ្ធផលត្រូវតែមាន ដំណោះស្រាយត្រូវតែមាន! ព្រោះថាឧក្រិដ្ឋជននៅតែមានសេរីភាពនៅឡើយ ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាព។ ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

ប្រទេសកម្ពុជាមិនត្រូវបណ្តោយឱ្យមានរឿងបែបនេះកើតឡើងឡើយ ហើយ ប្រជាជនកម្ពុជាយើងក៏មិនត្រូវបាត់បង់ជំនឿជាដាច់ខាត។ ប្រទេសកម្ពុជាមិនអាចបន្តរស់នៅក្រោមការបំពុលបរិយាកាសសង្គម និងភាពមិនប្រក្រតីនានានៃបរិស្ថានសង្គមបែបនេះទៀតឡើយ។ ប្រសិនបើនៅតែបន្តបែបនេះ នោះប្រជាជនយើងនឹងបន្តរងនូវភាពអយុត្តិធម៌ ហើយក៏គ្មានសន្តិភាពក្នុងចិត្តផងដែរ។

ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គមរបស់យើង ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

ប្រសិនបើយើងទុកឱ្យជនបោកប្រាសមានឱកាសបន្តបំផ្លាញប្រជាជន និង សេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងការខូចខាតយ៉ាងធំនាពេលខាងមុន។ ប្រជាជនក៏នឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនិងភាពអយុត្តិធម៌ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គមរបស់យើង។

ប្រសិនបើគ្មានចំណាត់ការណាមួយ ហើយឧក្រិដ្ឋជននូវតែបន្តរស់នៅដោយសេរីបែបនេះ នោះទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ ឆាកអន្តរជាតិ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសរបស់យើងនឹងរិតតែរងផលប៉ះពាល់កាន់តែខ្លាំង។ តោះ! ចូលរួមទាំងអស់គ្នា! សូមចាត់វិធានការនិងបើកការស៊ើបអង្កេតលើរឿងទាំងអស់នេះ។ មិនថា អ្នកមានខ្សែ ឬ អ្នកខ្លាំងប៉ុណ្ណានោះទេ សូមចូលរួមរកយុត្តិធម៌ជូនប្រជាជន រាប់សែននាក់ មុនពេលដែលបទល្មើសនេះរីករាលដាលកក្រើកពេញផ្ទៃប្រទេសរបស់យើង”។

សូមរំលឹកថា សមាជិករងគ្រោះពីការផ្តល់ប្រាក់កម្ចីដើម្បីទទួលបានការប្រាក់ក្នុងក្រុមហ៊ុន CIC Partner ទាមទារឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ទាំង ១៣នាក់របស់ក្រុមហ៊ុននេះ សងលុយពួកគេវិញ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិនិយោគដែលដាក់លុយរកស៊ីនៅក្នុងក្រុមហ៊ុននេះអះអាងថា បុរសម្នាក់ដែលគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជិត ២០ មានរចនាសម្ព័ន្ធដូចជាសម្បុកពីងពាង និងជាថៅកែហាង ផាកកាហ្វេ (Park Café) គឺលោក គុយ វ៉ាត បានធ្វើឲ្យបាត់លុយរាប់សិបលានដុល្លារ ដែលជាលុយវិនិយោគនៅក្នុងក្រុមហ៊ុន។ ពួកគេនិយាយថា លោក គុយ វ៉ាត នៅមិនទាន់ចេញមុខធ្វើការបកស្រាយអំពីការបាត់លុយទាំងនោះនៅឡើយទេ ហើយថាសមត្ថកិច្ចក៏មិនទាន់បើកការស៊ើបអង្កេតលើបញ្ហាទាំងនេះដែរ។

សមាជិករងគ្រោះពីការឲ្យប្រាក់ខ្ចីដើម្បីទទួលបានការប្រាក់ ទាមទារឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) ហៅកាត់ថា CIC Partner ទាំង ១៣នាក់ ដូចជាលោក គុយ វ៉ាត ដែលជាម្ចាស់ហាង Park Café លោក សោម សម្បត្តិ និងលោក ឃីម សុខហេង ជាដើម សងប្រាក់ទៅពួកគេវិញ បន្ទាប់ពីក្រុមហ៊ុននេះផ្អាកបង់ការប្រាក់ឱ្យពួកគេអស់រយៈពេលជិត ១ឆ្នាំមក។

ពលរដ្ឋជាច្រើននាក់ដែលអះអាងថាខ្លួនជាសមាជិករងគ្រោះពីការផ្តល់ប្រាក់ខ្ចីដើម្បីស៊ីការប្រាក់ខ្ពស់ពីក្រុមហ៊ុនមូលនិធិ CIC Partner បានទម្លាយប្រាប់សារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជនរងគ្រោះដែលបានឱ្យក្រុមហ៊ុនមូលនិធិ CIC Partner ខ្ចីប្រាក់ដើម្បីទទួលបានការប្រាក់មកវិញ កំពុងទាមទារឱ្យក្រុមហ៊ុនដោះស្រាយប្រាក់ដែលពួកគេបានដាក់វិនិយោគទៅក្នុងក្រុមហ៊ុនកន្លងមក ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ រាប់សែនដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ បន្ទាប់ពីក្រុមហ៊ុននេះឈប់ផ្តល់ការប្រាក់ប្រចាំខែឱ្យពួកគេចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ មក។

ជនរងគ្រោះទាំងនោះបានរៀបរាប់ថា ប្រាក់ដែលពួកគេបានផ្តល់ទៅឱ្យក្រុមហ៊ុននេះខ្ចី គឺមានមេក្រុមជាអ្នកប្រមូល ក្នុងនោះក៏មានគ្រូជោគជ័យឈ្មោះ ឃីម សុខហេង និងលោក សោម សម្បត្តិ ដែរ។

ប្រភពដដែលបន្តថា គ្រាន់តែលោក ឃីម សុខហេង ម្នាក់ អាចប្រមូលលុយពីកូនសិស្សដែលជឿជាក់លើគាត់តាមរយៈនៃការបង្រៀនវគ្គជោគជ័យ បានប្រមាណជា ៧លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដើម្បីបណ្ដាក់ទុននៅក្នុងក្រុមហ៊ុននេះ ហើយម្ចាស់ប្រាក់ម្នាក់ៗសុទ្ធតែសង្ឃឹមថានឹងទទួលបានការប្រាក់ប្រចាំខែត្រឡប់ទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង