ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ ប្រជុំតាមអនឡាញ លើកទី៣ ដើម្បីពិនិត្យឡើងវិញនូវដំណើរការ នៃការអនុវត្តរបស់ គណៈកម្មការ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អូតាវ៉ា)

15

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសម្របសម្រួល (Coordinating Committee) នៃអនុសញ្ញាហាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញា វឌ្ឍនភាពការងាររបស់គណៈកម្មការទាំងបួន រួមមាន៖ (១)គណៈកម្មការអនុវត្តមាត្រា៥ -ការបំផ្លាញគ្រាប់មីន ប្រឆាំងមនុស្ស។ (២)គណៈកម្មការជំរុញអនុលោមភាព។ (៣) គណៈកម្មការជំរុញកិច្ចសង្គ្រោះជនរងគ្រោះ ។ (៤) គណៈកម្មការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយ និងរៀបចំយុទ្ធសាស្រ្តជំរុញសកលភាវូបនីយកម្មអនុសញ្ញា ព្រមទាំងពិនិត្យលើស្ថានភាពហិរញ្ញវត្ថុសម្រាប់គាំទ្រដល់អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU) ។
កិចប្រជុំនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា ។
ឯកឧត្ដម បណ្ឌិត លី ធុជ បានពិភាក្សាលើកិច្ច ការផ្តល់របាយការណ៍របស់រដ្ឋភាគីពាក់ព័ន្ធ និងការអនុវត្តមាត្រា៧ (វិធានការតម្លាភាព) និងមាត្រា៩ (វិធានការអនុវត្តថ្នាក់ជាតិ) ការអនុវត្តមាត្រា៥ (ការបោសសម្អាតមីន) កិច្ចសង្រ្គោះជនរងគ្រោះ និងការជំរុញកិច្ចសហការ និងការផ្តល់ជំនួយ ជាដើម។ លទ្ធផលនៃកិច្ចប្រជុំ នឹងត្រូវយកមកពិនិត្យពិចារណា និងប្រើប្រាស់ជាធា«តុចូលយ៉ាងសំខាន់សម្រាប់កិច្ចប្រជុំអន្តរកាលនៃអនុសញ្ញាក្នុងខែមិថុនា ឆ្នាំ២០២៤ និងសម្រាប់ត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៃអនុសញ្ញាអូតាវ៉ា ដើម្បីឱ្យសម្រេចបាននូវគោលដៅអាទិភាពរបស់កម្ពុជា។
ដោយឡែកពាក់ព័ន្ធនឹងសកលភាវូបនីយកម្មនៃអនុសញ្ញា ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីបច្ចុប្បន្នភាព និងស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងសកលភាវូបនីយកម្មរបស់កម្ពុជា តាមរយៈកំណត់ទូតនៅបណ្តាប្រទេសមួយចំនួនដែលមិនមែនជារដ្ឋភាគីនៃអនុសញ្ញា ដូចជា ប្រទេសឡាវ តុងហ្គា មីក្រូនេស៊ី កោះម៉ាស្យល ដើម្បីឱ្យចូលរួម និងផ្តល់សច្ចាប័នលើអនុសញ្ញានេះ ព្រមទាំងផ្ញើលិខិតទៅប្រទេសជប៉ុន អូស្ត្រាលី និងណូវែលហ្សេឡង់ ស្នើសុំការគាំទ្រសកលភាវូបនីយកម្មនៃអនុសញ្ញានៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ជាមួយគ្នានោះ កម្ពុជា បានត្រៀមលិខិតទៅរដ្ឋចំនួន ៣៣ ដែលមិនមែនជាភាគីដើម្បីប្រមូលទស្សនៈលើការចូលជាសមាជិកនៃអនុសញ្ញា ផងដែរ។
ឯកឧត្ដមបណ្ឌិត លី ធុជ បានជំរុញឱ្យគណៈកម្មការធ្វើការតាមដាន និងដោះស្រាយចំពោះរដ្ឋភាគីណាដែលខកខានក្នុងការបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា) ដោយត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញឱ្យមានការរាយការណ៍មាត្រា៧ នៅឆ្នាំនេះ។ អង្គប្រជុំ នឹងបន្តធ្វើការជាមួយរដ្ឋភាគីទាំងនេះ ដើម្បីធ្វើការផ្ដល់យោបល់លើជំហានដែលរដ្ឋភាគីពាក់ព័ន្ធអាចធ្វើ ដើម្បីធានាថាអនុសញ្ញានៅតែរឹងមាំ និងមានប្រសិទ្ធភាព ៕
ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង