ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានី ចូលរួមវគ្គបណ្ដុះបណ្ដាលត្រូវយកចិត្តទុកដាក់ស្ដាប់យកចំណេះដឹង និងបទពិសោធន៍នានា អោយបានល្អបំប៉នសមត្ថភាពអោយបានខ្លាំង

21

 

ភ្នំពេញ៖ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញបានផ្តាំផ្ញើអោយបងប្អូនមន្ត្រីរាជការដែលចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មានខាងលើត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ និងខិតខំត្រង់ត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា ដើម្បីបំប៉នសមត្ថភាពអោយបានខ្លាំង ពិសេសគ្រប់គ្រងព័ត៌មានអោយបាន។

ឯកឧត្ដមឯកឧត្ដម កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងបែបនេះខណៈឯកឧត្ដមអញ្ជើញ ជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន» នៅថ្ងៃទី២ នាថ្ងៃទី២៩ មីនា ២០២៤នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍ថា៖ ថ្ងៃនេះជាថ្ងៃទី២ ដែលឯកឧត្ដមបានចូលរួមជាអធិបតីក្នុងនាម ឯកឧត្ដមឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន» ជាមួយឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូឧទេ្ទស នៃវគ្គបណ្តុះបណ្តាល រៀបចំនៅសាលប្រជុំសាលារាជធានីភ្នំពេញ។
មិនខុស ពីម្សិលមិញដែរឯកឧត្ដម កើត ឆែ បានលើកឡើងអំពីសារៈសំខាន់ នៃព័ត៌មាន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រភេទ នៃព័ត៌មានផ្សេងៗ, និងការបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។

នាឱកាសនេះឯកឧត្ដមក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ និងខិតខំត្រង់ត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការធ្វើបទបង្ហាញរបស់លោកវាគ្មិន ហើយត្រូវចោទជាសំណួរដែលពាក់ព័ន្ធនឹងប្រធានបទ ក្នុងករណីដែលមានចម្ងល់ ដើម្បីជូនទៅវាគ្មិនធ្វើការពន្យល់បកស្រាយបន្ថែម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដែលត្រូវបានរៀបចំឡើងដោយទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងបញ្រ្ជាបនូវចំណេះដឹងបន្ថែមជូនដល់អ្នកចូលរួម ដែលជាមន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញមកពី សាលារាជធានីភ្នំពេញ មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលខណ្ឌទាំង១៤ ដែលទទួលបន្ទុកការងារព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធបណ្តាញសង្គមនៅតាមស្ថាប័នរបស់ខ្លួន ដើម្បីពង្រឹងនូវយន្តការប្រើប្រាស់បណ្តាញសង្គមរបស់ស្ថាប័នក្នុងការទទួលព័ត៌មាន ចាត់ចែង និងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

តាមរយៈវគ្គបណ្តុះបណ្តាល ក្នុងរយៈពេល ២ ថ្ងៃ នេះសង្ឃឹមជឿជាក់ថាលោក- លោកស្រី នឹងទទួលបាននូវធាតុចូលបន្ថែម ដើម្បីបំពេញចំណុចខ្វះខាតក្នុងការអនុវត្តការងារនាពេលកន្លងមកនិងសូមផ្តាំផ្ញើអោយមន្ត្រីយើងទាំងអស់យកចិត្តទុកដាក់ខិតខំត្រងត្រាប់ ទទួលនូវចំណេះដឹងថ្មីៗ តាមការសិក្សាចតុរាង្គ ឬអង្គ ៤ នៃការសិក្សា គឺ «សុ ចិ បុ លិ» ឬ «ស្តាប់ គិត សួរ កត់ត្រា»៕

  

អត្ថបទដែលជាប់ទាក់ទង