ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ថា៖ សមត្ថភាពលើវិស័យឌីជីថលរបស់កម្ពុជា មិនទាបជាងប្រទេសជិតខាង និងក្នុងតំបន់ទេ

61

ភ្នំពេញ៖ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា កម្រិតសមត្ថភាពលើវិស័យឌីជីថលរបស់កម្ពុជា នាពេលបច្ចុប្បន្នេះ មិនទាបជាងប្រទេសជិតខាង និងក្នុងតំបន់ទេ។
ការបញ្ជាក់របស់ ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីបង្ហាញលទ្ធផលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទៅចូលរួម និងថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ។
ឯកឧត្ដមបានបញ្ជាក់ដូច្នេះថា៖ «កម្រិតសមត្ថភាពនៅលើវិស័យឌីជីថលរបស់កម្ពុជា មិនទាបជាងបណ្តាប្រទេសជិតខាង នៅក្នុងតំបន់ទេ ហើយកម្ពុជាអាចក្លាយទៅជាភាគីស្មើមុខស្មើមាត់ដូចគេឯងនៅក្នុងតំបន់ដែរ ដើម្បីសហការលើកិច្ចការវិស័យឌីជីថល»។
បើតាម មន្រ្តីជាន់ខ្ពស់រូបនេះ, អំឡុងពេលកូវីដ១៩ គ្រប់ប្រទេសទាំងអស់នៅលើពិភពឯកឧត្ដមបានធ្វើឌីជីថលូបនីយកម្មយ៉ាងលឿនរហ័ស ហើយកម្ពុជា ក៏បានធ្វើការអភិវឌ្ឍវិស័យឌីជីថលរបស់ខ្លួនផងដែរ ដោយក្នុងនោះ មានការរៀបចំប្រព័ន្ធព័ត៌មានបែបឌីជីថល ស្តីពីការចាក់វ៉ាក់សាំង ការសម្រួលដល់ដំណើរការរបស់ពាណិជ្ជកម្មក្នុងគន្លងប្រក្រតីភាពថ្មីជាដើម។
«តាំងពីពេលនោះមក កម្ពុជាបានតស៊ូដោយចាប់យកបច្ចេកវិទ្យាឌីជីថល ចាប់តាំងពីសម័យកូវីដឆ្លងខ្លាំងមកទល់ឥឡូវ ជាអាទិ៍តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងតាមរយៈការផ្លាសប្តូរបទពិសោធន៍ទៅវិញទៅមក ជាមួយ បណ្តាប្រទេសដទៃនៅក្នុងតំបន់ ជុំវិញយុទ្ធសាស្រ្តអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកម្មវិធីឌីជីថលថ្មីៗ»។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
បានកត់សម្គាល់ឃើញថា នាពេលបច្ចុប្បន្ននេះ នៅកម្ពុជា គឺយើងឃើញជាក់ស្តែង មានការកើនឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិច និងសេវាដឹកជញ្ជូន ហើយក៏មានការកើនឡើងយ៉ាងលឿនរហ័សនូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង