ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភា អនុម័តទាំងស្រុងឥតកែប្រៃ លើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ

56

ភ្នំពេញ៖ ពាក់ព័ន្ធនឹងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយបានដំណើរការ កាលពីព្រឹកថ្ងៃទី២៥ខែធ្នូ តាមរបៀបវារៈចំនួន២ រួមមាន៖ ទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ និងទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច។ ជាមួយគ្នានេះ ព្រឹទ្ធសភា ក៏បានឱ្យយោបល់ឯកភាពទាំងស្រុងចំពោះរបៀបវារៈទាំង២ខាងលើផងដែរ។

បើតាមសេចក្តីប្រកាសលទ្ធផលព្រឹទ្ធសភា បានបញ្ជាក់ថា ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ ។ សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងដើម្បីធានាភាពច្បាស់លាស់អំពីបុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ស្របតាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់ស្តីពីគណបក្សនយោបាយ ចាំបាច់ត្រូវធ្វើវិសោធនកម្មបន្ថែម ដោយត្រូវថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នូវព្រះរាជតួនាទី ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ក្នុងការផ្តល់និតីសម្បទាឡើងវិញ ចំពោះអ្នកនយោបាយដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយតាមអំណាចសាលដីកា ហើយដែលអ្នកនយោបាយទាំងនោះ មិនបានធ្វើសកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមិនធ្វើឲ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ និងសន្តិសុខជាតិ។ សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមលើកដំបូងចំនួន១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦។

លោកបណ្ឌិតរដ្ឋ ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ហត្ថលេខី និងសហការី បានអញ្ជើញមកការពារសេចក្តីស្នើច្បាប់នេះ ៕

អត្ថបទដែលជាប់ទាក់ទង