ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា ឌួង ឆាយ ប្តឹងបកទៅ William Guangវិញ! ចាំមើលខាងណាឈ្នះ

76

ភ្នំពេញ៖ ឧកញ៉ា ឌួង ឆាយ បានប្តឹងបកទៅលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ទារសំណងជំងឺចិត្តប្រមាណ ៤ម៉ឺនលានរៀល ស្មើនឹងប្រមាណ ១០លានដុល្លារ ពីបទបរិហារកេរ្តិ៍។

ពាក្យបណ្តឹងរបស់ឧកញ៉ា ឌួង ឆាយ បានដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។ ក្នុងពាក្យបណ្តឹងដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឧកញ៉ា ដួង ឆាយ បានអះអាងថា ការប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក William Guang មេបក្សនយោបាយជាប់ដោយរឿងអាស្រូវច្រើនពីអតីតកាលរូបនេះ បានធ្វើបរិហាកេរ្តិ៍រូបលោក និងឪពុករបស់លោកថែមទៀតនៅលើ Facebook។

ឧកញ៉ា ឌួង ឆាយ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ លោក William Guang បានសរសេរសារឌឺដងផ្លែផ្កាបញ្ឈិតបញ្ឈៀងដោយមិនចំឈ្មោះលើ Facebook របស់ខ្លួនថា “ក្លឹបបានបង់ពន្ធឬនៅ? ហាងបានបង់ពន្ធឬនៅ? កាលពីសម័យរកស៊ីជាមួយផ្លាកពាណិជ្ជមានពាក់ព័ន្ធលុយខ្មៅកគោក មកដល់ថ្ងៃនេះបាន Clear ហើយឬនៅ? ឪពុកមានពាក់ព័ន្ធនឹងបណ្តាញចារកម្មយួនពេលនេះនិយាយខ្មែរច្បាស់នៅ? បើនៅទេ ចាំខ្ញុំជួយយកភស្តុតាងជំរុញទៅអាជ្ញាធរ ដើម្បីឲ្យពិនិត្យបន្ថែម។ ឲ្យគេដឹងថា មានឧកញ៉ាមួយចំនួនយកសប្បុរសធម៌បិទបាំងអំពើថោកទាបជាច្រើន។ សូមបញ្ជាក់ថា បទល្មើសមួយចំនួនមិនទាន់ផុតអាជ្ញាយុកាលទេ”។

សង្គ្រាមពាក្យសម្តីតាមបណ្តាញសង្គម Facebook នេះ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លោក William Guang ក៏បានប្តឹងឧកញ៉ា ឌួង ឆាយ ពីបទបរិហារកេរ្តិ៍ផងដែរ។ លោក William Guang បានប្តឹងទាមទារសំណងជំងឺចិត្តប្រមាណ ៥ពាន់លានរៀល ស្មើនឹងជាង ១លានដុល្លារ។

លោក Willaim Guang ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ” បន្ទាប់ពីខ្ញុំបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជូនយ៉ាងច្បាស់ដល់មហាជនចំពោះការចោទប្រកាន់របស់បុគ្គល ឈ្មោះ ឌួង ឧត្តម ឆវិន ហៅ ឌួង ឆាយ នេះដែលបានមកចោទប្រកាន់ វាយប្រហារ គម្រាមកំហែង បង្គាប់បញ្ជាលើរូបខ្ញុំខណៈដែលខ្ញុំមិនបានដឹងអ្វីសោះ ! បញ្ហានេះធ្វើអោយខ្ញុំបាទមានការព្រួយបារម្ភចំពោះសុវត្តិភាព​ ផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងខ្លាំងព្រោះបុគ្គលរូបនេះធ្លាប់មាន ប្រវត្តិកាចសាហាវកន្លងមកក្នុងសង្គម ដូចនេះក្នុងនាមខ្ញុំជាមន្ត្រីជាន់ខ្ពស់ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក និងអ្នកនយោបាយថ្នាក់ជាតិមួយរូប បានសម្រេចចិត្តប្ដឹង បុគ្គលរូបនេះ និងស្នេីអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តាឃាត់ខ្លួនបុគ្គលរូបនេះ ដើម្បីធានាបាននូវសុខសុវត្តិភាព របស់អ្នកនយោបាយនៅព្រះរាជាណាចក្រកម្ពជា “។

​ពាក្យបណ្តឹង​ប្តឹង​ឧកញ៉ា​ឌួង ឆាយ ចំនួន​៤​បទល្មើស ប្រមាថ​អ្នករាជការ​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង ញុះញង់​ឱ្យមាន​ការ​រើស​អើ​ង តាម​ក្រមព្រហ្មទណ្ឌ​ស្នើ​ផ្តន្ទាទោស​ឧកញ៉ា ឌួង ឆាយ តាមច្បាប់ និង ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០​លាន​រៀល ដោយ​ថវិកា​ទាំងនោះ លោក វ​ឌ្ឍ​នាសា​ប៊ុង នឹង​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ។​

ការប្តឹង​ផ្ដល់​នេះ គឺ កើតឡើង​ដោយសារ​ការឆ្លង​ឆ្លើយ​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របៀប​ឌឺដង​គ្នា​ទៅវិញទៅមក​។​រឿង​ឧកញ៉ា​នាំ​ទំនិញគេចពន្ធ​និង​រឿង​ដក​លោក​ឃឹម​ប៊ុន​សុង​ចេញពី​ចៅ​ហ្វា​ខេត្តសៀមរាប​គឺ​ដោយសារតែ​លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង​ហៅ​លោក William Guang ៕

អត្ថបទដែលជាប់ទាក់ទង